MOSCOW, Nov 18 (Reuters) – នៅថ្ងៃចន្ទ សមាជិកសភារុស្ស៊ីលោក Maria Butina បាននិយាយថា រដ្ឋបាល ប្រធានាធិបតីលោកចូ បាយឌិនកំពុងប្រថុយប្រថាននឹងការកើតឡើងសង្គ្រាមលោកលើកទី០៣ ប្រសិនបើប្រទេសអ៊ុយក្រែន ប្រើប្រាស់អាវុធដែលផលិតដោយសហរដ្ឋអាមេរិក វាយប្រហារចូលជ្រៅក្នុងប្រទេសរុស្ស៊ី។
លោក Butina បានប្រាប់សារព័ត៌មានរ៉យទ័រថា “រដ្ឋបាលរបស់លោកបាយឌិន កំពុងព្យាយាមធ្វើឱ្យស្ថានការណ៍កើនឡើងដល់កម្រិតអតិបរមា ខណៈដែលពួកគេនៅមានអំណាច និងតំណែង”។
“ខ្ញុំមានក្តីសង្ឃឹមយ៉ាងមុតមាំថា លោកដូណាល់ ត្រាំ នឹងយកឈ្នះលើការសម្រេចចិត្តនេះ ប្រសិនបើរឿងនេះត្រូវបានធ្វើឡើង ពីព្រោះពួកគេកំពុងប្រថុយយ៉ាងខ្លាំងនឹងការចាប់ផ្តើមនៃសង្គ្រាមលោកលើកទី០៣ ហើយនោះមិនមែនជាផលប្រយោជន៍របស់នរណាម្នាក់ឡើយ”។
សារព័ត៌មានរ៉យទ័រដោយដកស្រង់សម្តីមន្ត្រីអាមេរិក០២រូប និងប្រភព០១ដែលដឹងអំពីការសម្រេចចិត្តនេះ បានរាយការណ៍កាលពីថ្ងៃអាទិត្យថា រដ្ឋបាលលោកបាយឌិន បានធ្វើការសម្រេចចិត្តដើម្បីអនុញ្ញាតឱ្យអ៊ុយក្រែនធ្វើការវាយប្រហារដោយប្រើប្រាស់អាវុធរបស់សហរដ្ឋអាមេរិកចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី។
កាសែត New York Times ក៏បានរាយការណ៍ផងដែរថា រដ្ឋបាលលោកបាយឌិន បានធ្វើការសម្រេចចិត្តនោះ។ ប៉ុន្តែវិមានក្រឹមឡាំងមិនទាន់ធ្វើអត្ថាធិប្បាយលើរបាយការណ៍នោះទេ។