WASHINGTON, Nov 17 (Reuters) – កាលពីថ្ងៃអាទិត្យ មន្ត្រីអាមេរិក០២នាក់ និងប្រភព០១ដែលដឹងអំពីការសម្រេចចិត្តបាននិយាយថា រដ្ឋបាលប្រធានាធិបតីលោកចូ បាយឌិន បានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធដែលផលិតដោយសហរដ្ឋអាមេរិកវាយប្រហារចូលជ្រៅក្នុងប្រទេសរុស្ស៊ី ដែលខុសពីគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន ស្តីពីជម្លោះអ៊ុយក្រែន និងរុស្ស៊ី។
ប្រភពបាននិយាយថា អ៊ុយក្រែនគ្រោងនឹងធ្វើការវាយប្រហាររយៈចម្ងាយឆ្ងាយជាលើកដំបូងរបស់ខ្លួន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតនោះឡើយ ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាពប្រតិបត្តិការ។
វឌ្ឍនភាពនេះកើតឡើង០២ខែមុនពេលប្រធានាធិបតីលោកដូណាល់ ត្រាំចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា និងធ្វើតាមការអំពាវនាវអស់ជាច្រើនខែរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy សុំអនុញ្ញាតឱ្យយោធាអ៊ុយក្រែនប្រើប្រាស់អាវុធអាមេរិកដើម្បីវាយប្រហារគោលដៅយោធារុស្ស៊ី ដែលនៅឆ្ងាយពីព្រំដែន។
ប្រភពបានបន្តថា ផ្នែកធំនៃការផ្លាស់ប្តូរនេះកើតឡើងជាការឆ្លើយតបទៅកាន់ការដាក់ពង្រាយកងទ័ពជើងគោកកូរ៉េខាងជើងរបស់រុស្ស៊ី ដើម្បីបង្កើនកងកម្លាំងរបស់ខ្លួន ជាការអភិវឌ្ឍន៍ដែលបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅក្នុងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងគៀវ។