General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ ជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសាធារណរដ្ឋប្រជមានិតចិន

Loading

រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវសាស្ត្រាចារ្យ លី ពីង អនុលេខាគណៈកម្មាធិការបក្ស និងជាសាស្ត្រាចារ្យនៃមហាវិទ្យាល័យនគរបាលឈិនចូល នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្ដីការក្រសួងមហាផ្ទៃ។

កិច្ចជំនួបពិភាក្សានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ដា ប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ និងលោក-លោកស្រីអនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

នៅក្នុងកិច្ចជំនួបនេះ តាងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏ដូចជា ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ បានសម្តែងនូវសេចក្តីរីករាយ និងបាននាំការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ចំពោះវត្តមានរបស់ លោកជំទាវសាស្ត្រាចារ្យ លី ពីង និងគណៈប្រតិភូ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ក៏បានបង្ហាញពីកិច្ចសហការដ៏ល្អរវាងមិត្តភាពកម្ពុជា-ចិន ដោយផ្តោតទៅលើចំណុចសំខាន់២ ៖
១-កិច្ចការទំនាក់ទំនង កសាងធនធានមនុស្សលើ ការបណ្តុះបណ្តាល និងការចូលរួមសិក្ខាសាលានានាជាកិច្ច ការចាំបាច់ ដែលត្រូវបានសិក្សាក្នុងការពង្រឹង សមត្ថភាពមន្រ្តីនគរបាល សម្រាប់ធ្វើការឆ្លើយតប ទៅការអនុវត្តការងារជំនាញ។
២-អំពីការគ្រប់គ្រង សុវត្ថិភាពចរាចរណ៍នៅកម្ពុជា មន្រ្តីនគរបាលចរាចរផ្លូវគោក បានកំពុងខិតខំធ្វើការររឹតបន្តឹង អនុវត្តច្បាប់ចរាចរណ៍ ជាមួយការអប់រំដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង នៅតាមគ្រឹះស្ថានសិក្សា សហគមន៍ និងរោងចក្រ សហគ្រាស ។ ដោយឡែកចំពោះកិច្ចសុវត្ថិភាពផ្លូវរថភ្លើង នាយកដ្ឋានជំនាញក៏មានការិយាល័យជំនាញ ធ្វើការគ្រប់គ្រងគ្រោះថ្នាក់ផ្លូវដែក ដោយកម្ពុជាមិនទាន់អភិវឌ្ឍន៍ខ្លាំង ទៅលើវិស័យផ្លូវដែក ដូចនេះភាគច្រើន នៃប្រជាពលរដ្ឋធ្វើដំណើរផ្លូវគោក តាមយានជំនិះផ្ទាល់ខ្លួន ឯកជន និងសាធារណៈ ។ រាជរដ្ឋា ភិបាលកម្ពុជា នឹងមានផែនការអភិវឌ្ឍន៍វិស័យផ្លូវដែក បែបទំនើប តាមគោលការណ៍ “ខ្សែក្រវាត់មួយ ផ្លូវមួយ” ជាពិសេសសិក្សាផ្តោតលើសន្តិសុខ និងសុវត្ថិភាពធ្វើដំណើរតាមផ្លូវរថភ្លើងនាពេលខាងមុខ។

នាឱកាសនោះផងដែរ លោកជំទាវសាស្ត្រាចារ្យ លី ពឹង អនុលេខាគណៈកម្មាធិការបក្ស បានមានប្រសាសន៍ថា គណៈប្រតិភូចិនមានសេចក្តីរីករាយដែល ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បាន អនុញ្ញាតឲ្យគណៈប្រតិភូបាន ជួបពិភាក្សាការងារ និងសម្តែងការគួរសម ទោះពេលវេលានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងមមាញឹកខ្លាំង ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យអុំទូក សំពះព្រះខែ ដែលជាពិធីប្រពៃណីជាតិ របស់ព្រះរាជណាចក្រកម្ពុជា ។

លោកជំទាវសាស្ត្រាចារ្យ លី ពឹង បន្តថា គោលបំណងរបស់គណៈប្រតិភូចិន ជួបពិភាក្សាការងារនាពេលនេះ រួមមាន ៖
១-អំពីការបណ្តុះបណ្តាលធនធានមនុស្ស របស់មហាវិទ្យាល័យនគរបាលឈិនចូល លើផ្នែកសុវត្ថិភាពធ្វើដំណើរ តាមផ្លូវរថភ្លើង។
២-ស្វែងយល់អំពីហេដ្ឋារចនាសម្ព័ន្ឋវិស័យផ្លូវដែកនៅកម្ពុជា និងអំពីការពារសុវត្ថិភាពដឹកជញ្ជូនទំនិញ និងវិធានការការពារ លើការធ្វើដំណើររបស់ប្រជាពលរដ្ឋ តាមផ្លូវរថភ្លើង។
៣-អំពីការផ្លាស់ប្តូរបទពិសោធន៍រវាងកម្ពុជា-ចិន លើវិស័យចរាចរណ៍ផ្លូវដែក អំពីការវិធានការពារនានា លើការធ្វើដំណើរតាមរថភ្លើង។
៤-ស្នើភាគីកម្ពុជា ធ្វើទស្សនៈកិច្ចសិក្សា នៅមហាវិទ្យាល័យនគរបាលឈិនចូល ខេត្តខិណាន ប្រទេសចិន អំពីសុវត្ថិភាពការធ្វើដំណើរតាមរថភ្លើង និងការសិក្សាស្រាវជ្រាវមួយចំនួនរបស់ មហាវិទ្យាល័យអំពីសុវត្ថិភាពចរាចរណ៍តាមរថភ្លើង៕