JAKARTA, Nov 12 (Reuters) – ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto បានអបអរសាទរលោកត្រាំសម្រាប់ជ័យជំនះតាមការសន្ទនាតាមទូរស័ព្ទ បន្ទាប់ពីលោកទៅដល់ទីក្រុងវ៉ាស៊ីនតោន ក្នុងដំណើរទស្សនកិច្ចផ្លូវការដែលរួមមានកិច្ចប្រជុំជាមួយប្រធានាធិបតីលោកចូ បាយឌិន កាលពីថ្ងៃអង្គារ។ លោក Prabowo បាននិយាយថាលោកនឹងបន្តគោលនយោបាយការបរទេសមិនចូលបក្សសម្ព័ន្ធ និងបានបង្ហោះវីដេអូសន្ទនាតាមទូរស័ព្ទនោះ បន្ទាប់ពីលោកត្រឡប់ពីប្រទេសចិន និងបានជួបជាមួយប្រធានាធិបតីលោក ស៊ី ជីងពីង ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងចាប់តាំងពីចូលកាន់តំណែងកាលពីខែមុន។ លោក Prabowo បាននិយាយថា “មិនថាលោកនៅទីណាក៏ដោយ ខ្ញុំនឹងធ្វើដំណើរទៅដើម្បីអបអរសាទរដោយផ្ទាល់”។ លោកត្រាំ បានឆ្លើយតបថា “យើងនឹងជួបគ្នានៅពេលដែលលោកចង់បាន”។
ខុទ្ទកាល័យរបស់ Prabowo បាននិយាយថា លោកបានធ្វើការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃចន្ទ បន្ទាប់ពីមកដល់ទីក្រុងវ៉ាស៊ីនតោន។ ប៉ុន្តែមិនបានឆ្លើយតបភ្លាមៗនៅពេលមានសំណួរថា តើលោកគ្រោងនឹងជួបលោកត្រាំដោយផ្ទាល់ ឬទេ។
លោកត្រាំ បានពណ៌នាថាការទទួលជ័យជម្នះក្នុងការបោះឆ្នោតរបស់លោកជាការអស្ចារ្យ និងផ្តល់ជូនលោកនូវសិទ្ធអំណាចដ៏ធំ។ លោកបាននិយាយថា “ពួកគេនិយាយថា យើងបានទទួលជោគជ័យយ៉ាងខ្លាំង ដែលជោគជ័យធំបំផុតក្នុងរយៈពេលជាង ១០០ឆ្នាំ”។