General Commissariat of National Police
.

សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាម្នាក់ ករណីចូលលួចសម្ភារៈប្រជាពលរដ្ឋនៅស្រុកសំពៅលូន

Loading

បាត់ដំបង ៖ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៩និង១០នាទី នៅចំណុចឃ្លាំងទិញលក់កសិផល(បិទទុកចោល) ស្ថិតក្នុងក្រុមទី០២ ភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណីលួចទ្រព្យសម្បត្តិ មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចូលលួចសម្ភារៈរបស់ជនរងគ្រោះឈ្មោះ នឹម ឌុំ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌ័ពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន អាក្រូ ធិច វីតា ជាអ្នកមើលការខុសត្រូវឃ្លាំងខាងលើ ។ សម្ភារៈបាត់បង់រួមមាន៖ ក្បាលដុំដេរចំនួន០២, កង្ហាចំនួន០១, ដុំសំបុកអ៊ែរចំនួន០១, ប្រេងម៉ាស៊ូតចំនួន០១ ពីដុង, អំពូលភ្លើងសូឡា(ខូច) ចំនួន០១ និងសម្ភារៈមួយចំនួនទៀត យកទៅបាត់ ។

ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កំលាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្តា នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដឹកនាំដោយលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង២១និង០៥នាទី សមត្ថកិច្ចបានកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ឆិត ឈុន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅស្នាក់បណ្តោះអាសន្ន ភូមិក្បាលហុង ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន ។

ក្រោយពីបានសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថា បានចូលលួចសម្ភារៈរបស់ជនរងគ្រោះពិតប្រាកដមែន ។

វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូកង់បីម៉ាកWAVE100S ពណ៌ក្រហមទឹកប្រាក់ គ្មានស្លាកលេខ ចំនួន០១គ្រឿង, ម៉ូតូម៉ាកWAVE ពណ៌ក្រហមខ្មៅ(ចាស់) គ្មានស្លាកលេខចំនួន០១ គ្រឿង, ក្បាលដុំដេរ ចំនួន០២, កង្ហាចំនួន០១, ដុំសំបុកអ៊ែរចំនួន០១, ប្រេងម៉ាស៊ូតចំនួន០១ ពីដុង, អំពូលភ្លើងសូឡា(ខូច)ចំនួន០១ និងសម្ភារៈមួយចំនួនទៀត ។

ករណីនេះ ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលស្រុកសំពៅលូនសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕