SEOUL, Nov 5 (Reuters) – នៅថ្ងៃអង្គារ ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា ទាហានកូរ៉េខាងជើងជាង ១០.០០០នាក់បានមកដល់ប្រទេសរុស្ស៊ី ដើម្បីគាំទ្រសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន ដោយទាហាន “ចំនួនដ៏ច្រើន” នៅក្នុងតំបន់ជួរមុខ និងទីក្រុង Kursk។
សន្ទកថានេះបានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីមន្ទីរបញ្ចកោណបាននិយាយថា មានទាហានកូរ៉េខាងជើងយ៉ាងហោចណាស់ ១០.០០០នាក់នៅក្នុងទីក្រុង Kursk ជិតព្រំដែនអ៊ុយក្រែន ប៉ុន្តែមិនអាចបញ្ជាក់ពីរបាយការណ៍ដែលបាននិយាយថា ទាហានទាំងនោះចូលរួមក្នុងការប្រយុទ្ធនោះទេ។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែនក៏បាននិយាយផងដែរថា ទាហានកូរ៉េខាងជើងប្រហែល១២.០០០ នាក់ រួមទាំងមន្ត្រី ៥០០នាក់ និងឧត្តមសេនីយ៍ ០៣នាក់ ស្ថិតនៅក្នុងប្រទេសរុស្ស៊ីរួចហើយ និងមានការហ្វឹកហ្វឺនធ្វើឡើងនៅមូលដ្ឋានយោធាចំនួន០៥។
លោក Jeon Ha-kyou អ្នកនាំពាក្យក្រសួងការពារជាតិទីក្រុងសេអ៊ូល បានប្រាប់សន្និសីទសារព័ត៌មានខ្លីមួយ ដោយដកស្រង់សំដីអាជ្ញាធរចារកិច្ចថា “រដ្ឋាភិបាលយល់ឃើញថា កងទ័ពកូរ៉េខាងជើងជាង ១០.០០០នាក់បច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសរុស្ស៊ី ហើយទាហានចំនួនជាច្រើនបានចល័តទៅតំបន់ជួរមុខ និងទីក្រុង Kursk”។