បាត់ដំបង៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៥និង៤៥នាទី ស្ថិតនៅចំណុចក្រុមទី០៤ ភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ម្នាក់ ។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានរាយការណ៍ឲ្យដឹងថា ៖ គ្រោះថ្នាក់ចរាចរណ៍នេះ មានរថយន្តម៉ាកនីសាន់ ណាវារ៉ា ពណ៍ខ្មៅ ពាក់ស្លាក់លេខ កណ្ដាល 2C-9771 (អ្នកបើកបររត់គេចខ្លួនបាត់) រវាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ សេរីឆ្នាំ ២០២២ ពាក់ស្លាកលេខ បាត់ដំបង 1AQ-0846 អ្នកបើកបរឈ្មោះ នី ទុំ ភេទប្រុស អាយុ៥២ឆ្នាំ ភូមិអូរដា ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង (របួសមុខ) និងអ្នករួមដំណើរឈ្មោះ ហុក ភេទប្រុស រស់នៅភូមិអូរដាលើក ឃុំបឹងរាំ ស្រុកកំរៀង ខេត្តបាត់ដំបង (ស្លាប់នៅកន្លែងកើតហេតុ) ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ។
តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានបញ្ជាក់ថា អ្នកបើកបរម៉ូតូបុកជាមួយឡាននីសាន់ ហើយក៏ខ្ទាត់ចូលឡានហ្វត បណ្ដាលអោយកិនស្លាប់ ដែលបើកបរក្នុងទិសដៅបញ្រ្ចាស់ទិសគ្នា និងឡាននីសាន់រួចបានបើកបររត់គេចខ្លួនបាត់តែម្តង ។
បច្ចុប្បន្ន នគរបាលស្រុកកំរៀង កំពុងស្វែងរកជនបង្ក និងវត្ថុតាងបានយកទៅរក្សាទុកនៅអធិការដ្ឋានគរបាលស្រុកកំរៀង ដើម្បីដោះស្រាយតាមនីតីវិធី ។ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕