បាត់ដំបង៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង២០ និង៣០នាទី នៅចំណុចក្រុមទី១២ ភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីប្រើអំពើហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់កូនកន្រ្តៃចាក់) មួយកើតឡើង ដែលបង្កដោយជនង្ស័យម្នាក់ ឈ្មោះ ទូច ចេក ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល បានធ្វេីសកម្មភាពយកកូនកន្រ្តៃចាក់ទៅលើជនរងគ្រោះចំនួន ០២នាក់ ១-ឈ្មោះ ផុន សុភ័ក្រ ហៅតាក់ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង (រងរបួសមុតលេីខ្នងដៃខាងឆ្វេងដាច់សរសៃ) និង២-ឈ្មោះ ផុន សាងឿន ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង (រងរបួសមុតចំដេីមទ្រូងចំនួន០២កន្លែង)។
ក្រោយពីបានទទួលបណ្តឹង ពីជនរងគ្រោះ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋានគរបាលស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ទូច ចេក ភេទប្រុស អាយុ៤៥ឆ្នាំ មកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីធ្វើការសាកសួរ ។
ក្រោយពីសាកសួរជនសង្ស័យ បានសារភាពថា ខ្លួនស្រវឹងស្រាខឹង និងជនរងគ្រោះឈ្មោះ ផុន សាងឿន និយាយថាស្រវឹង ហេីយកុំអោយប៉ះពាល់ម្ដាយក្មេកខ្លួន ។ វត្ថុតាងដកហូតបាន៖ កូនកន្រ្តៃចំនួន០១ ។
បច្ចុប្បន្ន ជនសង្ស័យខាងលេី ត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕