បាត់ដំបង៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង២២និង០៥នាទី នៅចំណុចក្រុមទី០១ ភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីប្លន់ (កាប់ជនរងគ្រោះ និងកាប់យកផ្លាកលេខម៉ូតូ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមានគ្នា០៥នាក់ មិនស្គាល់អត្តសញ្ញាណ ប្រដាប់ដោយកាំបិតកែច្នៃ បានធ្វើសកម្មភាពស្ទាក់កាប់លើជនរងគ្រោះម្នាក់ឈ្មោះ សិន វិសាល ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាទ្រី សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ បាត់ដំបង 1AI-5381 បណ្ដាលអោយរងរបួសធ្ងន់ បន្ទាប់មកក្រុមជនសង្ស័យក៏បាន កាប់លួចយកផ្លាកលេខម៉ូតូ របស់ជនរងគ្រោះ រួចនាំគ្នាជិះគេចខ្លួនបាត់តែម្ដង ។
ក្រោយពីទទួលបណ្តឹង ពីជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង រួមនឹងយោបល់ លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កំលាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតូច នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី សហការជាមួយ កំលាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ព្រៀង នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតដល់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១១ និង២០នាទីព្រឹក បានកំណត់អត្តសញ្ញាណ ឈានដល់ការនាំខ្លួនជនសង្ស័យ បានចំនួន០៣នាក់ ១-ឈ្មោះ ម៉ៃ សុផាន់ណា ហៅបឹប ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិថ្មី ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង, ២-ឈ្មោះ ញ៉ាញ់ ដែន ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិថ្មី ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង និង៣-ឈ្មោះ កុសល្យ ឧត្ដម ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង យកមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ។ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ទៀត ដែលបានបានរត់គេខ្លួន ។
ក្រោយពីបានសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថា បានជិះម៉ូតូស្ទាក់ជនរងគ្រោះ ឃើញដូចនោះជនរងគ្រោះ ក៏ឈប់ម៉ូតូរត់គេចចូលផ្ទះពលរដ្ឋក្បែរនោះ តែត្រូវក្រុមជនសង្ស័យ ដេញកាប់បណ្ដាលអោយរងរបួស ហើយក្រុមជនសង្ស័យ ក៏កាប់លួចយកផ្លាកម៉ូតូរបស់ជនរងគ្រោះ នាំគ្នាជិះគេចខ្លួនអស់ ។
វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូ០២គ្រឿង ម៉ាកហុងដាទ្រី សេ១២៥ ពណ៌ខ្មៅ សេរី២០១៧ ផ្លាកលេខ បាត់ដំបង 1AA-9580 និងម៉ាកហុងដាទ្រីម សេ១២៥ ពណ៌ខ្មៅ សេរី២០២១ ផ្លាកលេខ បាត់ដំបង 1AM-8328 ។ កាំបិតកែច្នៃ០១ដើម ។ ផ្លាក់លេខម៉ូតូ បាត់ដំបង 1AI-5381 ចំនួន០១ ជារបស់ម៉ូតូជនរងគ្រោះ ។
ករណីនេះ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកមោងឫស្សី សាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕