រាជធានីភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែវិចិ្ឆកា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញដឹកនាំប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ លើការអនុវត្តទម្រង់ព័ត៌មានវាយតម្លៃបឋមភាពជាជនរងគ្រោះដោយអំពើជួញដូរមនុស្សសម្រាប់ជនបរទេសដែលបានស្នើសុំកិច្ចអន្តរាគមន៍ រយៈពេល ០២ខែ នៅសាលប្រជុំ នៃនាយកដ្ឋានអង្គរក្ស ដែលមានសមាសភាពចូលរួមពីប្រធាន-អនុប្រធាននាយកដ្ឋានចំនួន ០៥ចំណុះនាយកដ្ឋានកណ្តាលសន្តិសុខ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រួមទាំងស្នងការ-ស្នងការរង នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សរុបចំនួន ៤៥រូប។
ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ បានមានប្រសាសន៍ថា ការអនុវត្តលើការបំពេញទម្រង់ព័ត៌មានវាយតម្លៃបឋមភាពជាជនរងគ្រោះដោយអំពើជួញដូរមនុស្សសម្រាប់ជនបរទេសនេះ ជាការងារចម្បងដែលអគ្គស្នងការដ្ឋាននគរបាលជាតិ បាន និងកំពុងយកចិត្តដាក់ បង្ការ និងទប់ស្កាត់ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដែលនេះជាបញ្ហាប្រឈមជាសកល ដែលគ្រប់បណ្តាប្រទេសទាំងអស់ ត្រូវរួមគ្នាដោះស្រាយ។
ជារួម អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញអំពីឆន្ទៈមោះមុត ក្នុងការបង្ក្រាបការជួញដូរមនុស្សឱ្យដល់ឫសគល់ ដើម្បីស្ដារកិត្តិយសកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិឡើងវិញ៕