កំពង់ចាម៖ នៅព្រឹកថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំពិធីបិទកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ ការិយបរិច្ឆេទ ២០២៣ និងបណ្ដាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ទិត សារ៉ាត់ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្ម និងលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ។
ដោយមានអញ្ជើញចូលរួមពីលោកឧត្ដមសេនីយ៍ វរសេនីយ៍ ប្រតិភូអម លោកស្នងការរង លោកអនុប្រធានផែន លោក-លោកស្រី នាយ/នាយរងការិយាល័យជំនាញ លោកអធិការនគរបាលស្រុក-ក្រុងទាំង១០ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ/សង្កាត់ ទាំង១០៩ ។
នៅក្នុងពិធីបិទកិច្ចសវនកម្មផ្ទៃក្នុងនេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ក៏បានអញ្ជើញឡើងបានរបាយការណ៍ស្វាគមន៍ និងរាយការណ៍ជូនគណៈអធិបតី និងអង្គពិធីអំពី វឌ្ឍនភាពនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្នុងរយៈពេលកន្លងមកនេះ ដោយអនុលោមតាមបទដ្ឋានកិតិយុទ្ធ សេចក្តីសម្រេច សេចក្តីណែនាំផ្សេងៗ របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាល គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងបទបញ្ជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ទើបស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សម្រេចបានលទ្ធផលការងារយ៉ាងល្អប្រសើរមកដល់សព្វថ្ងៃនេះ ។
ជាចុងក្រោយ ឯកឧត្តម ប្រធានគណៈអធិបតី បានផ្ដល់អនុសាសន៍ជាច្រើន ដល់ថ្នាក់ដឹកនាំ រហូតដល់កម្លាំងនគរបាលថ្នាក់មូលដ្ឋាន បន្ថែមពីអ្វីដែលស្នងការដ្ឋានសម្រេចបាននាពេលថ្មីៗនេះ ដើម្បីបន្តជំរុញ និងបង្កើនប្រសិទ្ធភាព និរន្តរភាពការងារឱ្យកាន់តែមានគុណភាព និងសមត្ថភាពពេញលេញក្នុងការអនុវត្តការងារជំនាញ តាមទិសដៅបន្ដនាឆ្នាំខាងមុខទៀត ផងដែរ ៕