បាត់ដំបង៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៤:០០នាទី អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញផ្នែកយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៤៤ ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ របស់លោក ឆែ វីរៈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ សារឿន ប្រុសពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ពីបទលួចមានស្ថានទម្ងន់ទោសប្រព្រឹត្តដោយការប្រើហិង្សា និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រព្រឹត្តដោយសហចារី និងមានប្រើប្រាស់អាវុធ ប្រព្រឹត្តនៅចំណុចក្រុមទី១៤ ចំណុចក្រុមទី១៦ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ តាមមាត្រា៣៥៣, មាត្រា៣៥៧ ចំណុច១ និងមាត្រា២១៨ ចំណុច២ និងចំណុច៣ នៃក្រមព្រហ្មទណ្ឌ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕