ខេត្តតាកែវ ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ឆ្លងកាត់ក្នុងពិធីសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការវិថីតេជោសន្តិភាព ឆ្នេរអង្កោលប្រវែង ១២,៦៤៥ម៉ែត្រ និងផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅទីរួមខេត្ត ដែលប្រារព្ធធ្វើឡើងមុខសួនច្បារមហោស្របថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ពិធីនេះក៏មានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញទាំង៣២ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ លោកអធិការនគរបាលក្រុង ស្រុកទាំង១០ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ទាំង១០០ប៉ុស្តិ៍។
ថ្លែងក្នុងកិច្ចប្រជុំនោះ លោកស្នងការ បានមានមតិណែនាំផ្តាំផ្ញើ និងសង្កត់ធ្ងន់ថា ៖ នៅគ្រប់គោលដៅឈរជើងប្រចាំការ ការពារទាំងអស់ត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីបង្ការទប់ស្កាត់កុំឲ្យមានករណីក្មេងទំនើងឆ្លៀតឱកាសលួចឆក់ទៅលើបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកទស្សនាកំសាន្តផងដែរ៕