General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៤ និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៤ និងពិនិត្យលំហូរឯកសារចេញ-ចូលប្រចាំខែកញ្ញា-តុលា ឆ្នាំ២០២៤

Loading

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤ រោច ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៤ និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៤ និងពិនិត្យលំហូរឯកសារចេញ-ចូលប្រចាំខែកញ្ញា-តុលា ឆ្នាំ២០២៤ នៅសាលប្រជុំនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
កិច្ចប្រជុំនេះក៏មានការចូលរួមដោយលោកឧត្តមសេនីយ៍ទោ សំ សម្បត្តិ ប្រធានលេខាធិការដ្ឋាននៃនាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ , លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន, លោក-លោកស្រីអនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និង នាយការិយាល័យ សរុបចំនួន ៣៥នាក់ ។

បន្ទាប់ពីស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងារ និងការលើកឡើងពីបញ្ហាប្រឈម ដែលអានដោយលោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋាន រួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ក៏បានឯកភាព និងសូមកោតសរសើរដល់ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីជំនាញទាំងអស់ ដែលកន្លងមកបានខិតខំលះបង់ពេលវេលា កម្លាំងកាយចិត្ត តស៊ូក្នុងការកំណត់មុខសញ្ញា បង្ការបង្រ្កាបបទល្មើស ដោយទទួលបានលទ្ធផលល្អប្រសើរជូនថ្នាក់ដឹកនាំ អង្គភាព និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។

ដើម្បីអោយការងារកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ បានផ្ដល់ប្រសាសន៍ដឹកនាំ ១០ចំណុចដូចខាងក្រោម ៖
១-ត្រូវបន្តពិនិត្យផ្ទៀងផ្ទាត់ឯកសារមកពីនាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងឆ្លើយតបឱ្យបានទាន់ពេលវេលា ។
២-ត្រូវបន្តគ្រប់​ឯកសារ លិខិតឆ្លើយតប ដែលនាយកដ្ឋាន គោរពជូន ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ តាមរយៈនាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ។
៣-បន្តជំរុញការគ្រប់គ្រងសំណុំរឿង ស្រាវជ្រាវមុខសញ្ញាដែលនៅសេសសល់ និងជំរុញការគ្រប់គ្រងដីកាចាប់ខ្លួន (ធ្វើបច្ចុប្បន្នភាព) ។
៤-តាមដានការផ្សព្វផ្សាយតាមបណ្ដាញសង្គម ដែលមានការពាក់ព័ន្ធនឹងជំនាញប្រឆាំងការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ជំនាញត្រូវស្រាវជ្រាវ ចាត់វិធានការតាមផ្លូវច្បាប់ក្នុងករណីរកឃើញបទល្មើស ។
៥-ពិនិត្យ តាមដាន ឃ្លាំមើលគោលដៅសង្ស័យមានការប្រព្រឹត្តបទល្មើសសញ្ចារកម្មដែលមានអនីតិជន ។
៦-ការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ត្រូវផ្អែកតាមច្បាប់អន្ដរជាតិ(ពិធីសាប៉ាឡឺម៉ូ) និងច្បាប់ ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ធាតុផ្សំទាំងបី (សកម្មភាព មធ្យោបាយ និងគោលបំណង) បូកនឹងធាតុផ្សំបីទៀត(ធាតុនីត្យានុកូល ធាតុសត្យានុម័ត និងធាតុអន្ដោម័ត) ដូចជាករណីពពោះជំនួស ការពរពោះមិនមែនជាអំពើខុសច្បាប់នោះទេ ប៉ុន្ដែការពពោះក្នុងគោលបំណងលក់-ដូរមនុស្ស(ទារក) ជាអំពើខុសច្បាប់នៅកម្ពុជា ពីព្រោះមនុស្សមិនមែនជាកម្មវត្ថុនៃការលក់-ដូរនោះទេ ដែលមានចែងនៅមាត្រា១៣ និងមាត្រា១៤ នៃច្បាប់ ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ។
៧-បន្ដកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសសមត្ថកិច្ចបរទេស និងអង្គការដៃគូ ។
៨-បន្ដសហការជួយពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលរងគ្រោះដោយអំពើជួញដូរមនុស្ស ។
៩-ត្រូវមានការសាមគ្គីភាពគ្នាឱ្យបានល្អប្រសើរ ។
១០-អនុវត្តលំហូរឯកសារតាមការណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ពង្រឹងការងារគ្រប់គ្រងកងកម្លាំង ប្រចាំការ Hotline បង្កើនសមត្ថភាពមន្ត្រីជំនាញ កំណត់បទល្មើសតាមធាតុផ្សំច្បាប់ជាតិ-អន្តរជាតិ កំណត់អត្តសញ្ញាណជនរងគ្រោះ ៕