General Commissariat of National Police
.

ឆ្លងចរន្តអគ្គីសនី​បណ្តាលឲ្យឆាបឆេះឃ្លាំង​មួយកន្លែង ក្នុងនោះនគរបាលប្រេីប្រាស់ឡានអស់​ ១៣គ្រឿង​ ទេីបគ្រប់គ្រងបានទាំងស្រុង

Loading

ភ្នំពេញ៖​ អគ្គិភ័យបានឆាបឆេះឃ្លាំងមួយកន្លែង បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០និង១០នាទីព្រឹក ថ្ងៃទី២៨​ ខែតុលា​ ឆ្នាំ២០២៤ ដែលស្ថិតចំណុចផ្លូវលំ​ ភូមិដំណាក់ធំ​ សង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានប្រាប់ឲ្យដឹងថា​ ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​ បានបន្តថា​ ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៣គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១០គ្រឿង ប្រើប្រាស់ទឹកអស់១០ឡាន ស្មើរនឹង៤០ម៉ែត្រគូប​,​ រថយន្តជំនួយមកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន០២គ្រឿង​ ប្រេីប្រាស់ទឹកអស់០២ឡាន​ ស្មេីរនឹង០៨ម៉ែត្រគូប​ និងរថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿង​ ប្រេីប្រាស់ទឹកអស់០១ឡាន​ ស្មេីរនឹង០៤ម៉ែត្រគូប។

ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺ​ដែកប្រក់ស័ង្កសី ទំហំ (៤ម៉ែត្រ x ១៥ម៉ែត្រ) ឆេះខូចខាចទូរក្លាសេម្ហូបចំនួន ០១គ្រឿង, កង់ចំនួន ០៣គ្រឿង,​ ម៉ូតូ​ចំនួន០១គ្រឿង​,​ ម៉ាស៉ីនត្រជាក់ចំនួន០១គ្រឿង​ និងសម្ភារៈប្រេីប្រាស់មួយចំនួន ហើយពុំបានរាលដាលដល់អ្នកក្បែរខាងឡើយ។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើង ធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង​ ១០និង៤០នាទីព្រឹកនាថ្ងៃដដែរ។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​ បានបញ្ជាក់ថា​ ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ រកឃេីញថា​ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ។ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសក្នុងគ្រោះអគ្គិភ័យខាងលើនេះឡើយ៕