រាជធានីភំ្នពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅខែវិច្ឆិកា ឆ្នាំ២០២៤ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ សំ សម្បត្តិ ប្រធានលេខាធិការដ្ឋាន កណ្ដាលនគរបាលយុត្តិធម៌ លោកឧត្តមសេនីយ៍ វរសេនីយ៍ នាយករងមន្ទីរ និងលោកនាយការិយាល័យទាំង១១ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
បន្ទាប់ពីស្តាប់របាយការណ៍ដែលឡើងអានដោយ លោកវរសេនីយ៍ឯក គង់ សីវឌ្ឍនា នាយការិយាល័យរដ្ឋបាល-សរុប ស្តីពីលទ្ធផលការងារកិច្ចប្រតិបត្តិការប្រចាំខែតុលា និងលើកទិសដៅការងារបន្តខែវិច្ឆិកា ឆ្នាំ២០២៤ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងស្តីពីបញ្ហាប្រឈម សំណូមពរ របស់លោកនាយការិយាល័យទាំង១១រួចមក ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានឯកភាពតាមរបាយការណ៍ និងបានថ្លែងអំណរគុណដល់ លោកឧត្តមសេនីយ៍ វរសេនីយ៍ និងលោកនាយការិយាល័យទាំង១១ ដែលបានបញ្ចេញមតិយោបល់ជាធាតុចូលដើម្បីប្រសិទ្ធភាពការងារ ពិសេសបង្ហាញពីការសាមគ្គីភាពផ្ទៃក្នុងបានយ៉ាងល្អប្រសើរ។
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានផ្តាំផ្ញើ និងដាក់ទិសដៅអនុវត្តបន្តចំនួន៨ចំណុចដល់ លោកឧត្តមសេនីយ៍ វរសេនីយ៍ នាយករងមន្ទីរ និងលោកនាយការិល័យទាំង១១ ៖ ១-ត្រូវគោរពវិន័យរបស់កងកម្លាំងនគរបាលជាតិឲ្យបានខ្ជាប់ខ្ជួន, ២-ត្រូវមានក្រមសីលធម៌វិជ្ជាជីវៈជានគរបាលជាតិ, ៣-ត្រូវរក្សាការសម្ងាត់របស់អង្គរភាព, ៤-ត្រូវមានសាមគ្គីភាពផ្ទៃក្នុង, ៥-បន្តត្រួតពិនិត្យបញ្ជីវត្ដមានមន្ត្រីជាប្រចាំ, ៦-ត្រៀមអនុវត្តតាមបទបញ្ជាផ្សេងៗបន្ទាន់របស់ថ្នាក់ដឹកនាំ, ៧-លុបបំបាត់ភាពអសកម្មផ្សេងៗដែលបណ្តាលឲ្យមានការរិះគន់ពីប្រជាពលរដ្ឋ, ៨-រួមគ្នាលុបបំបាត់ព័ត៌មានមិនពិតផ្សេងៗដែលនាំឲ្យជិះឥទ្ធិពលដល់អង្គភាព៕