BEIJING, Oct 16 (Reuters) – យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បាននិយាយថា ភាពជាដៃគូដ៏ជោគជ័យរវាងចិន និងសហរដ្ឋអាមេរិក គឺជាឱកាសមួយសម្រាប់ប្រទេសទាំង០២ ក្លាយជាអ្នកផល់លទ្ធភាពសម្រាប់ការអភិវឌ្ឍន៍ទៅវិញទៅមក ជាជាងការរារាំង។
យោងតាមរបាយការណ៍របស់សារព័ត៌មាន CCTV បានឱ្យដឹងថា នៅក្នុងលិខិតសន្ទរកថាទៅកាន់ពិធីជប់លៀងពានរង្វាន់ប្រចាំឆ្នាំ 2024 របស់គណៈកម្មាធិការជាតិសហរដ្ឋអាមេរិក-ចិន លោកស៊ី បាននិយាយថា “ប្រទេសចិនមានឆន្ទៈធ្វើជាដៃគូ និងមិត្តជាមួយសហរដ្ឋអាមេរិក។ ទំនាក់ទំនងនេះនឹងផ្តល់អត្ថប្រយោជន៍មិនត្រឹមតែសម្រាប់ប្រទេសទាំង០២ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ពិភពលោកទាំងមូលផងដែរ”។
បើតាមលិខិតនោះ លោកបានចង្អុលបង្ហាញថា ទំនាក់ទំនងចិន-សហរដ្ឋអាមេរិក គឺជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតនៅក្នុងពិភពលោក ដែលមានឥទ្ធិពលលើអនាគត និងជោគវាសនារបស់មនុស្សជាតិ។
ប្រទេសទាំង០២ បាន និងកំពុងមានជម្លោះជុំវិញកង្វល់សន្តិសុខជាតិ ជម្លោះពាណិជ្ជកម្មដែលកំពុងបន្ត ក៏ដូចជាសកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូង និងការបង្កើនសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់។
ទំនាក់ទំនងពាណិជ្ជកម្មមានភាពមិនចុះសម្រុងកាលពីឆ្នាំមុន និងបានផ្តោតលើបញ្ហានានារួមទាំងការរឹតបន្តឹងលើយានយន្តអគ្គិសនី និង semiconductors កម្រិតខ្ពស់។