មណ្ឌលគិរី ៖ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែ អស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៤ លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានចាត់តំណាង លោកឧត្តមសេនីយ៍ត្រី សៅ សាវ៉ាត ស្នងការរងទទួលការងារសេនាធិការ បានដឹកនាំលោក លោកស្រីស្នងការរងនិងមន្រ្តីនគរបាលអញ្ជើញចូលរួមក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ (ព្រះបរមរតកោដ្ឋ) គម្រប់ខួប ១២ឆ្នាំ។
ពិធីនេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថង សាវុន អភិបាលនៃគណ:អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ព្រះសង្ឃ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជុំទាវក្រុមប្រឹក្សាខេត្ត លោកលោកស្រីអភិបាលរងខេត្តនិងមន្រ្តីរដ្ឋបាលខេត្តឯកឧត្តមប្រធានសាលាដំបូងខេត្តព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីប្រធានអនុប្រធានមន្ទីរនានាជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុងស្រុកទាំង០៥ លោកមេឃុំ ចៅសង្កាត់ទាំង៥ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន សសយក និងយុវជនកាយរឹទ្ធជាច្រើននាក់ទៀត។
ក្នុងពិធីនេះផងដែរ ឯកឧត្តម ថង សាវុធ អភិបាលខេត្តមណ្ឌលគិរី បានអានសារលិខិតថ្វាយព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ(ព្រះបរមរតកោដ្ឋ) គម្រប់ខួប ១២ឆ្នាំ ហើយក្តីក៏ប៉ុន្តែប្រជារាស្ត្រខ្មែរគ្រប់ស្រទាប់ វណ្ណៈ នៅតែចងចាំជានិច្ចចំពោះគុណូបការៈ និងវីរភាពដ៏អស្ចារ្យរបស់ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ពិសេសការលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុត ចំពោះជាតិមាតុភូមិ ក្នុងការទាមទារឯករាជ្យភាពពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
សូមថ្វាយមហាព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមស្តេចយាងបដិសន្ធិកិច្ច ព្រះបរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជក់ផងដែរថា ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ៕