រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដឹកនាំនាយនគរបាលជាន់ខ្ពស់ ចូលរួមថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋគម្រប់ខួប១២ឆ្នាំ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅមណ្ឌបព្រះបរមរូប វិមានឯករាជ្យ រាជធានីភ្នំពេញ។
ដ្បិតវេលាកន្លងទៅ១២ឆ្នាំហើយក្តី ប៉ុន្តែប្រជារាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណៈ នៅតែចងចាំជានិច្ចចំពោះគុណូបការៈ និងវីរភាពដ៏អស្ចារ្យរបស់ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ពិសេសការលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុត ចំពោះជាតិមាតុភូមិ ក្នុងការទាមទារឯករាជ្យភាពពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
សូមថ្វាយមហាព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមស្តេចយាងបដិសន្ធិកិច្ច ព្រះបរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕