រដ្ឋធានីវៀងចន្ទន៍ ៖ នាយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ក្នុងឱកាសនៃជំនួប លោកប្រធានប្រតិបត្តិបានសម្ដែងនូវការអរគុណចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ និងថ្លែងអំណរគុណសម្ដេចបវរធិបតីដែលបានអញ្ជេីញចូលរួមនៅក្នុងកិច្ចប្រជុំ WEF នៅទីក្រុងដាវ៉ូស ប្រទេសស្វីស កាលពីដើមឆ្នាំ២០២៤ កន្លងទៅ។ ឆ្លៀតក្នុងឱកាសនេះ លោកសាស្ត្រាចារ្យក៏បានគោរពអញ្ជើញសម្ដេចធិបតីចូលរួមក្នុងវេទិកាប្រចាំឆ្នាំនេះម្ដងទៀត ដែលគ្រោងនឹងរៀបចំឡើងនៅដើមឆ្នាំ២០២៥ ខាងមុខនេះ។ លោកសាស្ត្រាចារ្យក៏បានជម្រាបជូនសម្ដេចបវរធិបតី អំពីសក្ដានុពលនៃវេទិកា WEF ដែលជាឱកាសនៅក្នុងការកសាងនូវបណ្ដាញទំនាក់ទំនងរវាងវិស័យសាធារណៈ និងឯកជន។
ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានជួបលោកសាស្ត្រាចារ្យសាជាថ្មី និង បានអបអរសារទរចំពោះការភាពជោគជ័យនៃវេទិកា WEF នាពេលកន្លងមក។ សម្ដេចបវរធិបតីក៏បានថ្លែងអំណរគុណចំពោះលោកសាស្រ្តាចារ្យ ដែលបានអញ្ជើញសម្ដេចបវរធិបតីផ្ទាល់ ចូលរួមវេទិកា WEF នៅឆ្នាំក្រោយ៕