General Commissariat of National Police
.

ពិធីបិទសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ

Loading

ខេត្តតាកែវ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត មានរៀបចំពិធីបិទសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ ។

ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សុក សារ៉េត អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ ប្រតិភូអមដំណើរ លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញទាំង៣២ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខៈ ៦០៣ លោកអធិការនគរបាលក្រុង ស្រុក លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីកំពង់ក្រសាំង លោកនាយប៉ុស្តិ៍ការពារព្រំដែនទាំង១១ប៉ុស្តិ៍ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ទាំង១០០ប៉ុស្តិ៍ និងមន្រ្តីពាក់ព័ន្ធសរុបចំនួន ១៨៨នាក់ស្រី ១នាក់។

បន្ទាប់មកលោកឧត្តមសេនីយ៍ទោ ស្នងការ បានឡើងអានរបាយការណ៍ស្វាគមន៍ និងបូកសរុបលទ្ធផលប្រតិបត្តិការ និងផែនការណ៍អនុវត្តបន្ត ជាមួយគ្នានោះ លោកស្នងការ ជម្រុញឲ្យលោក លោកស្រី ដែលបានចូលរួមសូមត្រង់ត្រាប់ស្ដាប់ និងកត់ត្រានូវអនុសាសន៍បទពិសោធន៍របស់ឯកឧត្តមគណៈអធិបតី ដើម្បីជាត្រីវិស័យសម្រាប់យកទៅអនុវត្តតាមតួនាទីភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនសម្រេចបានលទ្ធផលថ្មីៗបន្ថែមទៀត។ មានប្រសាសន៍ណែនាំផ្តាំផ្ញើពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ សារ៉េត អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកស្នងការនគរបាលខេត្ត បានផ្តល់កិច្ចសហការល្អជាមួយក្រុមការងារកន្លងមក ក្នុងការចុះមកធ្វើសវនកម្មផ្ទៃក្នុងរបស់ស្នងការដ្ឋាននគរបាលខេត្ត ក៏ដូចជាតាមបណ្តាអធិការដ្ឋាននគរបាលក្រុង ស្រុក និងបានធ្វើសេចក្តីរាយការណ៍ក្បោះក្បាយទាំងកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពភូមិ ឃុំ សង្កាត់យ៉ាងល្អប្រសើរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានគណៈអធិបតីបានបញ្ជាក់ថា ៖ ទាក់ទងនឹងការងារភូមិឃុំ សង្កាត់ មានសុវត្ថិភាព ស្នងការដ្ឋាននគរបាលខេត្ត ក៏ដូចជាអធិការដ្ឋាននគរបាលគ្រប់ក្រុង ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលមានតួនាទីយ៉ាងសំខាន់ ដែលប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់អំពីភូមិឃុំ សង្កាត់មានសុវត្ថិភាព ដូច្នេះសូមឲ្យលោកអធិការ និងប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំសង្កាត់ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្ត យើងនេះត្រូវតែយកចិត្តទុកដាក់អនុវត្តកិច្ចការនេះឲ្យមានប្រសិទ្ធិភាព។ ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករង ក៏បានធ្វើការណែនាំបន្ថែមដល់មន្រ្តីនគរបាលទាំងអស់ ត្រូវគោរពបទវិន័យកងកម្លាំងនគរបាលជាតិថ្មីលេខៈ ៨៧៣ ប្រ.ករបស់ក្រសួងមហាផ្ទៃ ពង្រឹងការគ្រប់គ្រងចុះបញ្ជីវត្តមាន ត្រូវចេះរក្សាទុកដាក់នូវរាល់ឯកសារ ដែលពាក់ព័ន្ធសម្រាប់សវនកម្មឆ្នាំបន្ទាប់ បើមានមន្ត្រីនគរបាលឈឺ ត្រូវមានសំបុត្រពេទ្យត្រឹមត្រូវ ឫ មន្ត្រីនគរបាលដែលមានបេសកកម្ម ត្រូវមានឯកសារជាក់លាក់ច្បាស់លាស់ និងត្រូវចេះថែរក្សាការពារទ្រព្យសម្បត្តិរដ្ឋដែលក្រសួងផ្តល់ជូនឲ្យបានល្អ បន្តលើកទឹកចិត្ត និងតម្លើងឋានន្តរសក្ដិ មុខងារ ឬស្នើប័ណ្ណសរសើរ លិខិតសរសើរដល់មន្ត្រីទាំងឡាយណា ដែលមានស្នាដៃ ឬ ការងារល្អ ក្នុងការបំពេញតួនាទីភារកិច្ចប្រចាំថ្ងៃផងដែរ៕