General Commissariat of National Police
.

លោក ឧត្តមសេនីយ៍ត្រី ប៉ែន ផល្លី ស្នងការរង ដំ​ណាងលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានអញ្ជើញចូលរួមក្នុងកម្មវិធីស្អាតខ្មែរធ្វើបាន 

Loading

មណ្ឌលគិរី៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ លោក ឧត្តម​សេនីយ៍ត្រី ប៉ែន ផល្លី ស្នងការរង ដំ​ណាងដ៏ខ្ពង់​ខ្ពស់លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានចូលរួមជាមួយអជ្ញាធរខេត្ត បានរៀបចំយុទ្ធនាការសម្អាតអនាម័យបរិស្ថានក្នុងសែនមនោរម្យ ដោយមានការអញ្ជើ​ញ​ចូលរួមពី លោក ងិន សុវិមាន អភិបាល​រងខេត្តមណ្ឌលគិរី និងមានការចូលរួមពី កងកម្លាំងប្រដាប់អាវុធ ប្រធាន អនុប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុងសែនមនោរម្យ ស.ស​.យ​.ក ព្រមទាំងប្រជាពលរដ្ឋ លោកគ្រូ  អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ ចាប់ពីសួនដំរីដែររហូតដល់វិមានឯករាជ្យ ក្នុងក្រុងសែនមនោមរ្យ ខេត្តមណ្ឌលគិរី។​

នាឱកាសប្រារព្ធទិវានេះដែរ លោក​ ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី បានឱ្យដឹងថា  ការប្រារព្ធទិវានេះ ក្នុងគោលបំណងបំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋឱ្យចេះស្រលាញ់ ថែរក្សា និងជាពិសេសធ្វើការសម្អាតអនាម័យបរិស្ថាន។ ការប្រារព្ធទិវានេះ នឹងក្លាយជាចរន្តចលករដែលជំរុញឱ្យមានការផ្តើមធ្វើសកម្មភាពមេត្រីបរិស្ថានចេញពីបុគ្គលម្នាក់ៗក្នុងការចេះទទួលខុសត្រូវ ទុកដាក់កាកសំណល់ដោយមិនបោះចោលពាសវាលពាសកាលនៅតាមទីសាធារណៈ ជាហេតុធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព ក្នុងក្រុងសែនមនោរម្យ និងទូទាំងខេត្ត។ លោក អភិបាលរងខេត្ត បានបញ្ជាក់ថា បញ្ហាប្រឈមមួយចំនួន ក្នុងនោះរួមមាន បញ្ហាសំរាម សំណល់រឹង រាវ នៅតាមទីប្រជុំជន និងទីក្រុង ដែលមានការកើនឡើងយ៉ាងខ្លាំង គួបផ្សំនឹងប្រព័ន្ធគ្រប់គ្រងសំរាមនាពេលបច្ចុប្បន្ននៅមានកម្រិតនៅឡើយ។ សំណល់សំរាមមួយចំនួនាពិសេសសំណល់ប្លាស្ទិក ត្រូវបានពលរដ្ឋខ្លះដុត និងខ្លះបានបោះចូលទៅក្នុងទឹក និងសមុទ្រ បង្កគ្រោះថ្នាក់សម្រាប់ជីវចម្រុះដែលពិភពលោក បាននឹងកំពុងយកចិត្តទុកដាក់ ។​

លោក អភិបាលរងខេត្ត ក៏បានក្រើនរម្លឹក ក៏ដូច​ជាជំរុញឱ្យស្ថាប័នសាធារណៈ និងឯកជន អាជ្ញា​ធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ចូលរួមធ្វើអនា​ម័យ និងថែរក្សាបរិស្ថានជាប្រចាំនៅតាមមូល​ដ្ឋាន​របស់ខ្លួន។ ឯកឧត្តម ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ជាមួយនឹងស្ថាប័នពាក់ព័ន្ធ ធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីការគ្រប់គ្រង ទុក​ដាក់សំរាម និងសំណល់រឹងឱ្យបានត្រឹមត្រូវផងដែរ៕