General Commissariat of National Police
.

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ចង់បានព័ត៌មានពិត ឥតលម្អៀង និងគ្រប់ជ្រុងជ្រោយ!

Loading

ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ បានផ្តល់តម្លៃខ្ពស់ចំពោះអ្នកសារព័ត៌មានដែលប្រកាន់ភ្ជាប់បាននូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដោយផ្សព្វផ្សាយព័ត៌មានពិត មានប្រភពច្បាស់លាស់ ឥតលម្អៀង និងគ្រប់ជ្រុងជ្រោយ ដើម្បីសាធារណជន និងថ្នាក់ដឹកនាំបានឈ្វេងយល់ជ្រួតជ្រាប និងដោះស្រាយទាន់ពេលវេលា។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានផ្ញើសារជូនអ្នកសារព័ត៌មានឱ្យឈ្វេងយល់អំពី ទិដ្ឋភាពរដ្ឋធម្មនុញ្ញ កតិកាសញ្ញាអន្តរជាតិ ច្បាប់ស្តីពីរបបសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈ ដើម្បីចៀសផុតពីការប្រឈមមុខចំពោះច្បាប់ជាធរមានដែលជាបន្ទាត់ក្រហម។ ក្នុងវីដេអូជាង៣០នាទី នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ លោកបានពន្យល់ផ្អែកលើទិដ្ឋភាពច្បាប់យោងតាមមាត្រា១៩ នៃសេចក្តីថ្លែងការណ៍ជាសកលស្តីពី សិទ្ធិមនុស្ស មាត្រា១៩ និងមាត្រា២០នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងមាត្រា៤១ រដ្ឋធម្មនុញ្ញ។

មុនពេលបញ្ចេញមតិ ឬផ្សព្វផ្សាយព័ត៌មានជ្រុងណាមួយ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកទឹកចិត្តឱ្យសាធារណជន និងអ្នកសារព័ត៌មានឈ្វេងយល់អំពី ការបរិហាកេរ្តិ៍ជាសាធារណៈ ជេរប្រមាថជាសាធារណៈ ជេរប្រមាថតាមសារព័ត៌មាន បទក្លែងព័ត៌មានបំភ្លៃព័ត៌មាន បទញុះញង់ឱ្យប្រជាពលរដ្ឋប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ បទគំរាមកំហែងថានឹងសម្លាប់ ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ បទធ្វើឱ្យខូចទឹកចិត្តកងទ័ព បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍បទញុះញង់ឱ្យមានការរើសអើង បទប្រមាថ បទដែលធ្វើឱ្យអស់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ និងមានបទល្មើសព្រហ្មទណ្ឌផ្សេងទៀត។

លោកបានបញ្ជាក់ជាថ្មីថា ជនគ្រប់រូប រួមទាំងអ្នកសារព័ត៌មាន មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ រាប់បញ្ចូលទាំងសេរីភាព ស្រាវជ្រាវព័ត៌មាន ទទួល និងផ្សព្វផ្សាយព័ត៌មាន និងគំនិតសព្វបែបយ៉ាង ដោយមិនគិតពីព្រំដែន ដោយផ្ទាល់មាត់ សរសេរ ឬបោះពុម្ព តាមទម្រង់សិល្បៈក្តី ឬក៏ដោយមធ្យោបាយផ្សព្វផ្សាយដទៃទៀតក្តី តាមការជ្រើសរើសរបស់ខ្លួន។ ប៉ុន្តែតាមច្បាប់ ការប្រើប្រាស់សិទ្ធិនេះ តម្រូវឱ្យមានករណីយកិច្ច និងការទទួលខុសត្រូវពិសេស។

លោកបានសង្កត់ធ្ងន់ថា៖«ការប្រើប្រាស់សិទ្ធិនេះ មានការរិតត្បិតមួយចំនួន ដែលត្រូវកំណត់ដាច់ខាតដោយច្បាប់និងដែលចាំបាច់ ដើម្បីគោរពសិទ្ធិ និងកិត្តិសព្ទរបស់អ្នកដទៃ និងការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខភាព ឬសីលធម៌សាធារណៈ»។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ដែលមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានជាង២០ឆ្នាំមកនេះ បានបញ្ជាក់ថា រាល់ការចេញផ្សាយព័ត៌មាន ទាំងការអត្ថាធិប្បាយ ការសរសេរ ឬតាមទម្រង់ទាំងឡាយណាដែលជាព័ត៌មានពិត ឥតលម្អៀង និងគ្រប់ជ្រុងជ្រោយនោះ គឺពុំប្រឈមមុខចំពោះផ្លូវច្បាប់ជាធរមានឡើយ៕