ពោធិ៍សាត់៖ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីអនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជេីញដឹកនាំ ក្រុមការងារ នៃសមាគមអតីតយុទ្ធជនកម្ពុជាបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារសមាគមអតីតយុទ្ធជន នាព្រឹក ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិ ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ លោកស្នងការនគរបាលខេត្តពោធិ៍សាត់ លោកប្រធានមន្ទីរ ប្រធានអង្គភាពពាក់ព័ន្ធនានា ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដេីម្បីពិនិត្យលេីការងារ អភិវឌ្ឍន៍ កសាង លេីគ្រប់វិស័យ ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ដូចជាហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ វត្តអារាម អណ្តូងទឹក ជាដេីម ជាពិសេសស្វែងរក បញ្ហាប្រឈមនានា ក្នុងជីវភាពរស់នៅរបស់អតីតយុទ្ធជន ដេីម្បីពិភាក្សារកដំណោះស្រាយជូនពួកគាត់ឲ្យចំគោលដៅ ។
សូមបញ្ជាក់ដែរថាបច្ចុប្បន្ននេះ មានអតីតយុទ្ធជន កំពុងរស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹងសរុបចំនួនប្រមាណ៦៣០គ្រួសារ ដោយការបង្កើតនិងអភិវឌ្ឍន៍ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹងនេះ គឺក្រោមគំនិតផ្តួចផ្តើមរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអតីតយុទ្ធជន ដោយបានចែកដីសម្បទានសង្គមកិច្ច និងសាងសង់ផ្ទះ ជូនអតីតយុទ្ធជន ហើយរហូតដល់រាជរដ្ឋាភិបាលអាណត្តិទី០៧នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនជារៀងរហូត និងបន្តអភិវឌ្ឍន៍កសាងហេដ្ឋារចនាសម័ន្ធបន្ថែមទៀតនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ៕