រាជធានីភំ្នពេញ ៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត របស់អង្គភាពចំណុះសេនាធិការដ្ឋាន នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ប្រធាន-អនុប្រធានសេនាធិការដ្ឋាន, ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពចំណុះសេនាធិការដ្ឋាន រួមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍ស្តីពី លទ្ធផលការងាររយៈពេល ០៩ខែ និងប្រចាំខែកញ្ញា ឆ្នាំ២០២៤ ដែលអានដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ស៊ូ សុផាន ប្រធានសេនាធិការដ្ឋាន និងបញ្ហាប្រឈមរបស់ ឯកឧត្តមប្រធាននាយកដ្ឋាន-ប្រធានអង្គភាពទាំង១១ រួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ក៏បានកោតសរសើរ និងថ្លែងអរគុណដល់ថ្នាក់ដឹកនាំចំណុះសេនាធិការដ្ឋាន និងបាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងថ្លែងការកោតសរសើរពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់បងប្អូនកងកម្លាំងដែលខិតខំបំពេញការងារបានល្អកន្លងមកក៏ដូចជាឆ្នាំកន្លងទៅ។ ឯកឧត្តមអគ្គស្នងការរង ក៏បានលើកទឹក និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចលះបង់ទាំងកម្លាំងកាយចិត្ត ទាំងពេលវេលារបស់មន្រ្តីជំនាញ។
ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ក៏បានដោះស្រាយបញ្ហាប្រឈមរបស់ នាយកដ្ឋាន-អង្គភាព ចំណុះសេនាធិការដ្ឋាន និងមានប្រសាសន៍ដឹកនាំបន្ថែមដល់ថ្នាក់ដឹកនាំនាយកដ្ឋាន-អង្គភាព ខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចទទួលខុសត្រូវរបស់ខ្លួន ឲ្យបានសម្រេចជោគជ័យបន្ថែម សម្រាប់ខែបន្ទាប់ទៀត ៕