កំពង់ឆ្នាំង៖ ព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការប្រចាំខែកញ្ញា ឆ្នាំ២០២៤ លើកទិសដៅបន្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងដោយមានការចូលរួមពី លោក លោកស្រីស្នងការរង លោកស្រីអនុប្រធានផែនការងារ លោកនាយការិយាល័យ-អង្គភាព លោកអធិការនគរបាលក្រុង ស្រុក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលផងដែរ ។
ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោស្នងការ ថ្លែងការកោតសរសើរអំពីស្នាដៃរបស់កងកម្លាំងដែលចូលរួមយ៉ាងសកម្មធានាការពារបានល្អ ពីសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពសង្គម នារដូវបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ និងក្នុងព្រឹត្តិការណ៍សំខាន់ៗនាពេលកន្លងមក និងទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទជាបន្តបន្ទាប់ និងថ្លែងអំណរគុណដល់កងកម្លាំងនគរបាលទូទាំងខេត្ត ដែលចូលរួមបំពេញភារកិច្ចប្រកបដោយការយកចិត្តទុកដាក់និងមានការទទួលខុសត្រូវខ្ពស់។
បន្ទាប់ពីការអាននូវរបាយការណ៍ លទ្ធផលនៃកិច្ចប្រតិបត្តិការ ខែកញ្ញា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត របស់លោកឧត្តមសេនីយ៍ត្រី អៀរ ប៑ុនធឿន ស្នងការរងទទួលផែនការងារសេនាធិការរួចមក លោកឧត្តមសេនីយ៍ទោ ស្នងការ បានផ្លាស់ប្តូរមតិយោបល់គ្នា ដើម្បីរកឲ្យឃើញពីចំណុចខ្លាំង និងចំណុចខ្សោយ ឈានដល់រកដំដោះ ស្រាយនៅរាល់សភាពការណ៍ដែលមានបញ្ហាប្រឈមជាបន្តបន្ទាប់ទៀត។
ចុងបញ្ចប់លោកឧត្តមសេនីយ៍ទ ស្នងការ មានប្រសាសន៍បូកសរុប និងវាយតម្លៃលទ្ធផលការងាររយៈពេលកន្លងមក ចំពោះកិច្ចការមួយចំនួនដែលបំពេញហើយតែមិនទាន់បានល្អនិងមិនទាន់ពេលវេលា លោកក៏បានផ្ដល់អនុសាសន៍កែតម្រូវ ចែករំលែកបទពិសោធន៍ដើម្បីស្ថាបនាផងដែរ ៕