General Commissariat of National Police
.

លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅសម្រាប់ខែតុលា ឆ្នាំ២០២៤

Loading

កំពង់ធំ៖ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ កញ្ញា និងលើកទិសដៅសម្រាប់ខែ តុលា នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។

ជាកិច្ចចាប់ផ្ដើម លោកវរសេនីយ៍ឯក ហួត សារ៉ាវុធ នាយការិយាល័យសរុបផែនការ បានអានរបាយការណ៍ បូកសរុបលទ្ធផលការងារប្រចាំខែ កញ្ញា “គិតពីថ្ងៃទី ២០ ខែ សីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ២០២៤”បានឲ្យដឹងថា ១.សភាពការណ៍សន្ដិសុខ មានភាពស្ងប់ស្ងាត់ ធម្មតា មិនមានអ្វីកើតឡើង គួរឱ្យកត់សម្គាល់ឡើង។
២.សភាពការណ៍បទល្មើសព្រហ្មទណ្ឌ កើតមានឡើង ០១ លើក លើ ០២ លើក ថយចុះ ០១ លើក ស្មើនឹង ៥០% ។
៣.សភាពការណ៍ សណ្ដាប់ធ្នាប់សាធារណៈ និងគ្រោះថ្នាក់ផ្សេងៗ កើតឡើង មានចំនួន ១៧ លើក លើ ១៧ លើក  ។

លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរង ផ្សព្វផ្សាយអនុក្រឹត្យ លេខ: ១៧៦ អនក្រ.បក ស្ដីពីការសុំច្បាប់ និងអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទ របស់មន្ត្រីនគរបាលជាតិកម្ពុជា និងផ្សព្វផ្សាយ ផែនការ ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅតាមមណ្ឌលប្រឡង សញ្ញាបត្រទុតិយភូមិ ក្នុងសម័យប្រឡងថ្ងៃទី ០៨ ខែ តុលា ឆ្នាំ២០២៤ ។

ថ្លែងក្នុងពិធីនេះ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត បានលើកឡើងអំពីស្នាដៃ គុណបំណាច់ របស់កងកម្លាំងនគរបាល គ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត ខិតខំប្រឹងប្រែងបំពេញភារកិច្ច ដែលថ្នាក់ប្រគល់ជូន អនុវត្តសម្រេចបានលទ្ធផលល្អប្រសើរបំផុត ជាពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ធានាបានសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អប្រសើរ ជូនប្រជាពលរដ្ឋ សង្គមជាតិ គួរជាទីមោទនៈ ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ ស្នងការ បាន ថ្លែងអំណរគុណ ដល់កម្លាំងអាជ្ញាធរមូលដ្ឋាន ដែលបានសហការល្អ បង្កបរិយាកាស រីករាយ សុខសប្បាយ ជូនប្រជាពលរដ្ឋ តាមទីប្រជុំជន មូលដ្ឋាន វត្តអារាម រមនីយដ្ឋានទីកម្សាន្តសប្បាយភាពនានា ទូទាំងខេត្ត ពោរពេញទៅដោយភាពសុខក្សេមក្សាន្ត ៕

ជាកិច្ចចុងក្រោយ លោកស្នងការ បានបញ្ជាក់ថា ស្នងការដ្ឋាននគរបាលខេត្ត បានត្រៀមខ្លួន រួចជាស្រេច សម្រាប់ការងារ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ នៅតាមមណ្ឌលប្រឡង សញ្ញាបត្រទុតិយភូមិ ឆ្នាំ២០២៤នេះ ដំណើរការទៅ យ៉ាងមានភាពរលូនរហូតបញ្ចប់ តាមការរំពឹងទុក ជាលទ្ធផលជោគជ័យល្អប្រសើរ ស្របគោលនយោបាយ របស់ថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា ៕