General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អញ្ជើញបើកវគ្គបណ្តុះបណ្តាលជំនាញកោសលវិច័យ  DNA ដល់មន្រ្តីជំនាញចំនួន ៥ខេត្ត នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី

Loading

មណ្ឌលគិរី ៖ នៅព្រឹកថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំរោង ឆស័កព.ស ២៤៦៨ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញកោសលវិច័យ DNA នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។

វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សែម ស៊ុនដារ៉ា អនុប្រធានសេនាធិការ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈុន ចាន់សុខា ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ, លោកឧត្តមសេនីយ៍ទោ អ៊ុក ណារិន អនុប្រធាននាយកដ្ឋាន និងជាប្រធានមន្ទីរពិសោធន៍ DNA (ជាគ្រូបង្គោល), លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគបាលខេត្តមណ្ឌលគិរី, លោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី, ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី, លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ, តំណាងស្នងការនគរបាលខេត្តរតនគិរី, តំណាងស្នងការនគរបាលខេត្តត្បូងឃ្មុំ, តំណាងស្នងការនគរបាលខេត្តស្ទឹងត្រែង ព្រមទាំងលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ជាប្រតិភូ, ស្នងការរង នាយការិយាល័យ មន្រ្តីជំនាញ និងសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលចំនួន ៥៧រូប ស្រីចំនួន ៤រូប។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានឡើងអានរបាយការណ៍សង្ខេបស្តីពីសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្ត ជូនគណៈអធិបតី និងបានថ្លែងអំណរគុណចំពោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថត អគ្គស្នងការនគរបាលជាតិ ដែលបានអនុញ្ញាតឲ្យមានការរៀបចំបើកវគ្គបណ្តុះបណ្តាល ជំនាញ DNA ដល់សិក្ខាកាមដែលមកពីបណ្តាខេត្តចំនួន៥ និងមន្រ្តីនគរបាលជាច្រើនរូបទៀត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា ជំនួសមុខឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សូមសំដែងនូវទឹកចិត្តរំភើបរីករាយចំពោះការអញ្ជើញចូលរួមដ៏ឧត្តុង្គឧត្តុមរបស់គណៈអធិបតី កងកម្លាំងនគរបាលគ្រប់ជាន់ថ្នាក់ និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមុខជំនាញកោសលវិច័យ DNA ដែលនឹងប្រព្រឹត្តទៅនាពេលបន្តិចទៀតនេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា ក៏សូមយកឱកាសនេះ ដើម្បីជំរាបជូននូវប្រសាសន៍ដ៍ថ្លៃរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនចំពោះកងកំលាំងនគរបាលជាតិទាំងអស់រួមមាន៖

-សូមរក្សាវិន័យកងកំលាំងនគរបាលជាតិ

-រក្សាសាមគ្គីភាពផ្ទៃក្នុង

-ទទួលខុសត្រូវចំពោះភារៈកិច្ចដែលថ្នាក់លើប្រគល់ជូន

-ថែរក្សាសុខភាពអោយបានល្អ រស់នៅមានអនាម័យគ្រប់ៗគ្នា

-ត្រូវអប់រំបងប្អូន កូនចៅកូនចៅអោយជៀសផុតពីគ្រឿងញៀន ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានវាយតម្លៃខ្ពស់ចំពោះ វគ្គបណ្តុះបណ្តាលនេះ គឺពិតជាមានសារៈសំខាន់បំផុតសម្រាប់មន្ត្រីនគរបាលស៊ើបអង្កេត និងមន្ត្រីនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត ដែលមានតួនាទីចុះស្រាវជ្រាវ និងពិនិត្យទីកន្លែងកើតហេតុ។ ពិតណាស់នៅក្នុងមេរៀននេះ បានសង្កត់ធ្ងន់ការស៊ីជម្រៅទៅលើការហ៊ុំព័ទ្ធទីកន្លែងកើតហេតុ ស្រាវជ្រាវរុករកវត្ថុតាង ចាប់យកវត្ថុតាង ការនិត្យវិភាគស្នាមរបួសលើជនរងគ្រោះ សាកសព សំណាកជីវសាស្រ្ត ការថែរក្សាវត្ថុតាង ការវេចខ្ចប់ ការបញ្ជូនវត្ថុតាងទៅមន្ទីរពិសោធន៍ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។ ក្នុងន័យនេះ សូមឲ្យសិក្ខាកាមទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រ ទ្រឹស្តី និងការរៀបចំឲ្យមានទីកន្លែងកើតហេតុជាក់ស្តែង ដើម្បីឲ្យសិក្ខាកាមបានអនុវត្តផ្ទាល់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា បានគូសបញ្ជាក់ថា នេះជាវគ្គទី៤ ហើយដែលអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកវគ្គបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤នេះ ៖

-វគ្គទី១ ថ្ងៃទី០៣-០៧ ខែមិថុនា ឆ្នាំ២០២៤ បើកវគ្គនៅខេត្តព្រះសីហនុ ដោយមានស្នងការដ្ឋាននគរបាលខេត្ត ចំនួន ០៥ ចូលរួមមាន ខេត្តព្រះសីហនុ, កោះកុង, កែប, កំពត និងកំពង់ស្ពឺ ។

-វគ្គទី២ ថ្ងៃទី២២-២៦ ខែកក្កដា ឆ្នាំ២០២៤ បើកវគ្គនៅខេត្តបាត់ដំបង ដោយមានស្នងការដ្ឋាននគរបាលខេត្តចំនួន ០៥ ចូលរួមមាន ខេត្តបាត់ដំបង, កំពង់ឆ្នាំង, ពោធ៍សាត់, ប៉ៃលិន និងបន្ទាយមានជ័យ ។

-វគ្គទី៣ ថ្ងៃទី០២-០៦ ខែកញ្ញា ឆ្នាំ២០២៤ បើកវគ្គនៅខេត្តកំពង់ធំ ដោយមានស្នងការដ្ឋាននគរបាលខេត្តចំនួន ០៥ ចូលរួមមាន ខេត្តកំពង់ធំ, សៀមរាប, ព្រះវិហារ, ឧត្តមានជ័យ, កំពង់ចាម ។

-វគ្គទី៤ ថ្ងៃទី០៧-១១ ខែតុលា ឆ្នាំ២០២៤ បើកវគ្គនៅខេត្តមណ្ឌលគីរី ដោយមានស្នងការដ្ឋាននគរបាលខេត្តចំនួន ០៥ ចូលរួមមាន ខេត្តមណ្ឌលគីរី, រតនះគីរី, ក្រចេះ, ស្ទឹងត្រែង, ត្បូងឃ្មុំ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា បានគូសបញ្ជាក់អំពីចំណុចសំខាន់ៗមួយចំនួន ដែលជាការខិតខំយកចិត្តទុកដាក់របស់ អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ នៅក្នុងអណត្តិទី៧នេះ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងដោយបានការអនញ្ញាតពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត បានធ្វើការបណ្តុះបណ្តាលដល់មន្ត្រីនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្តទូទាំងប្រទេស ដោយផ្តោតលើមុខជំនាញថ្មីកោសលវិច័យ DNA ដូចជា៖

១-ការពិនិតវត្ថុតាង

២-ចាប់យកវត្ថុតាង

៣-រក្សាទុកវត្ថុតាង

៤-ការបញ្ជូនសំណាកDNA

៥-ការរៀបចំឯកសារសំណុំរឿង

៦-បណ្តុះបណ្តាលលើវិធីសាស្រ្ត ប្រើប្រាស់ឧបករណ៍DNA វិធីសាស្រ្តទាញយកសំណាក DNA ការយកគំរូ DNA និងវិភាគទិន្នន័យDNA។

ជំនួសមុខឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុខធា បានរំលឹក និងផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ថា វគ្គនេះពិតជាមានតម្លៃ និងមានសារៈសំខាន់ណាស់ចំពោះជំនាញ បទពិសោធន៍ថ្មី ដែលលោកគ្រូបានចែករំលែកយ៉ាងច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់បំផុត និងសូមថ្លែងអំណរគុណដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈុន ចាន់សុខា ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យសាស្រ្ត និងសហការី ដែលបានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង៕