General Commissariat of National Police
.

ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមតំបន់ព្រំដែនរយៈពេល ០៩ខែ និងប្រចាំខែកញ្ញា ឆ្នាំ២០២៤

Loading

រាជធានីភំ្នពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមតំបន់ព្រំដែនរយៈពេល ០៩ខែ និងប្រចាំខែកញ្ញា ឆ្នាំ២០២៤ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពី ប្រធាន-អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន, ប្រធាន-អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក, ប្រធាន-អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក, ប្រធាន-អនុប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន រួមទាំងមន្រ្តីតាមតំបន់ព្រំដែនសរុប៨២រូប។

បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍ស្តីពី លទ្ធផលប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមតំបន់ព្រំដែនរយៈពេល ០៩ខែ និងប្រចាំខែកញ្ញា ឆ្នាំ២០២៤ និងបញ្ហាប្រឈមនិងសំណូមពររបស់ ឯកឧត្តមប្រធាននាយកដ្ឋានទាំង៤រួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ បានកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំមកពី នាយកដ្ឋានកណ្តាលនគរបាលព្រំដែន, នាយកដ្ឋាននគរបាលការពារព្រំដែនគោក, នាយកដ្ឋាននគរបាលការពារព្រំដែនទឹក, នាយកដ្ឋានគរបាលនបច្ចេកទេសព្រំដែន ដែលបានខិតខំតស៊ូលះបង់ទាំងកម្លាំងកាយចិត្ត ដឹកនាំកម្លាំងនគរបាលព្រំដែនការពារសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់ព្រំដែនបានល្អប្រសើរ ពិសសគ្មានបញ្ហាប្រឈមមុខគ្នាដោយអាវុធ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ក៏បានដាក់ទិសដៅបន្តដល់ ថ្នាក់ដឹកនាំនាយកដ្ឋានដែលជាមេដឹកនាំ ជាអ្នកទទួលខុសត្រូវខ្ពស់ជាងគេ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដឹងពីសុខទុក្ខរបស់កងកម្លាំង ពង្រឹងរបៀបរបបធ្វើការងារ និងបែងចែកប្រគល់ភារកិច្ចទទួលខុសត្រូវ ប្រកបដោយប្រសិទ្ធភាព ពិសេសអ្នកមានស្នាដៃត្រូវលើកសរសើរនិងជូនរង្វាន់ អ្នកប្រព្រឹត្តខុសត្រូវអនុវត្តវិន័យ ហើយបើធ្ងន់ធ្ងរត្រូវប្រើវិធានការច្បាប់។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ បន្តថា ៖ ត្រូវលើកកម្ពស់សមត្ថភាពកងកម្លាំង គុណភាព វិន័យ សីលធម៌របស់មន្ត្រីក្រោមឱវាទ និងត្រួតពិនិត្យបញ្ជីវត្តមានប្រចាំថ្ងៃ។ ត្រូវត្រួតពិនិត្យគ្រប់គ្រងថែរក្សាអាវុធ គ្រាប់រំសេវ មធ្យោបាយ ឧបករណ៍ សម្ភារ របស់អង្គភាពឲ្យបានល្អ និងកសាងថែរក្សាអង្គភាពឲ្យមានបរិស្ថានល្អ។ ជាពិសេសត្រូវបង្កើនកិច្ចសហការល្អជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ និងប្រទេសជិតខាង។ ត្រូវតាមដានក្ដាប់សភាពការណ៍ និងឧបាយកលសកម្មភាពមិនប្រក្រតីរបស់ពួកអមិត្ត និងបង្កើនការត្រួតពិនិត្យយាមល្បាតតាមព្រំដែន។ រក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសហការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទដូចជា ការដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលទៅវិញទៅមកខុសច្បាប់ បទល្មើសធនធានធម្មជាតិ សត្វព្រៃ ជួញដូរអាវុធជាតិផ្ទុះ ទំនិញគេចពន្ធ ឬទំនិញច្បាប់ហាមឃាត់។ល។

ត្រូវរួមគ្នាថែរក្សាការពារបង្គោលព្រំដែន និងបរិស្ថានជុំវិញឲ្យបានល្អ និងសហការល្អជាមួយប្រទេសជិតខាង ផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ឲ្យបានទាន់ពេល ត្រូវជួបគ្នាឲ្យបានញឹកញាប់ដើម្បីបង្កើនសាមគ្គីភាព និងត្រូវចូលរួមប្រជុំតាមការកំណត់ ជាពិសេសត្រៀមកម្លាំងអន្តរាគមន៍ ពេលមានគ្រោះធម្មជាតិ និងហេតុការណ៍ឬគ្រោះថ្នាក់ចៃដន្យនានា ៕