ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី៤ ខែតុលា ២០២៤ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត និងអ្នកបើកបររថយន្តក្រុង ធ្វើដំណើរដោយឥតគិតថ្លៃ ដែលបានវិលត្រឡប់មករាជធានីភ្នំពេញវិញ ដើម្បីបន្តការសិក្សា និងប្រកបមុខរបរ បន្ទាប់ពីធ្វើដំណើរមកស្រុកកំណើតក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
បងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរទៅមកលើផ្លូវជាតិលេខ៥ ពីរាជធានីភ្នំពេញ-បន្ទាយមានជ័យ និងបន្ទាយមានជ័យ-រាជធានីភ្នំពេញ បានបង្ហាញអារម្មណ៍សប្បាយរីករាយក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់រថយន្តក្រុង ឱ្យពួកគាត់ ជិះទៅមកដោយមិនបង់ប្រាក់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
នៅទីតាំងចំណតរថយន្តថ្មី ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕