ខេត្តតាកែវ៖ នាព្រឹកថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅបរិវេណទីបញ្ជាការដ្ឋានវរសេនាតូចការពារព្រំដែនគោកស្ថិតនៅភូមិពោធិ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ មានរៀបចំពិធី សំណេះសំណាលសួរសុខទុក្ខកងកម្លាំងនគរបាលជាតិ នៃវរសេនាតូចការពារព្រំដែនគោកលេខ៦០៣។
ពិធីនេះស្ថិតក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី: លោកឧកញ៉ា ឈិន សុង លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញ លោកមេបញ្ជាការ លោក លោកស្រី មេបញ្ជាការរង លោក លោកស្រី នាយ នាយរងផ្នែក និងមន្រ្តីនគរបាលការពារព្រំដែនគោក លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីកំពង់ក្រសាំង និងលោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែន ទាំង១១ប៉ុស្តិ៍សរុបចំនួន ១០៦នាក់ ស្រី ០១នាក់។
ថ្លែងក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ស្នងការ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឯកឧត្តម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លាសម្តេចធិបតី នាយករដ្ឋមន្រ្តី និងលោកជំទាវ រួមមានដូចខាងក្រោម៖
ថវិកាចំនួន ១៥,០០០,០០០៛(ដប់ប្រាំលានរៀល) អង្ករចំនួន ៣តោន ទឹកក្រូចចំនួន ១០០កេស ទឹកសុទ្ធចំនួន ៥០កេស និងមីចំនួន ១០កេសធំ និងដោយឡែកថវិកាឧបត្ថម្ភបន្ថែមដល់លោកមេបញ្ជាការចំនួន ១,០០០,០០០៛(មួយលានរៀល) លោកមេបញ្ជាការរងម្នាក់ចំនួន ២០០,០០០៛(មួយម្ភៃម៉ឺនរៀល) និងមន្រ្តីនគរបាលម្នាក់ៗចំនួន ១០០,០០០៛ (ដប់ម៉ឺនរៀល)។ ដើម្បីជូនដល់កងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខ។ ជាចុងក្រោយលោកឧត្តមសេនីយ៍ទោ ស្នងការ បានពង្រឹងវិន័យកងកម្លាំងនគរបាល និងរក្សាសាមគ្គីភាពផ្ទៃក្នុង ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម បង្កើនការចេញល្បាតចល័តតាមខ្សែបន្ទាត់ព្រំដែន បង្ការទប់ស្កាត់រាល់បទល្មើសចេញចូលឆ្លងខុសច្បាប់គ្រប់ប្រភេទ បង្កើនកិច្ចសហប្រតិបត្តិការល្អគ្រប់ភាគីពាក់ព័ន្ធផងដែរ៕