មណ្ឌលគិរី ៖ កាលពីថ្ងៃព្រហស្បតិ៍១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នាវេលាម៉ោង១៧ និង០០នាទី នៅមុខផ្ទះឈ្មោះ ស៊ុម សារ៉ាត់ ភេទប្រុស ជនជាតិខ្មែរ អាយុ ៥៩ឆ្នាំ មុខរបរជាគ្រូបង្រៀនមានទីលំនៅ បច្ចុប្បន្នរស់នៅក្នុងភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី មានករណីហឹង្សាក្នុងគ្រួសារមួយបានកើតឡើងបណ្តាលមកពីស្ថានភាពស្រវឹង។
ជនបង្កដែលជាជនសង្ស័យមានឈ្មោះ ម៉ម សាម៉ុន ភេទប្រុស ជនជាតិខ្មែរ អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិកណ្តាលសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។ ដោយឡែកជនរងគ្រោះ ១-ឈ្មោះ មិញ ទ្បាត់ ភេទស្រី ជនជាតិខ្មែរ អាយុ ៧៧ឆ្នាំ មុខរបរកសិករមានទីលំនៅបច្ចុប្បន្ន ភូមិកណ្ដាលសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីត្រូវជាម្តាយរបស់ជនរងគ្រោះ (បានរងរបួសស្រាល) ។
២-ជនរងគ្រោះឈ្មោះ ម៉ម សារិទ្ធ ភេទប្រុស ជនជាតិខ្មែរ អាយុ ៥៧ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្ន ភូមិកណ្តាលសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ត្រូវជាបងបង្កើតបានរងរបួសជាទម្ងន់ ដោយជនបង្កដែលជាជនសង្ស័យបានយកកាំបិតតាំងតោកាប់ទៅលើជនរងគ្រោះត្រូវចំនួន ០៤កន្លែងដូចខាងក្រោម៖
១-រយះផ្នែកក្បាលប្រវែង ០៧សង់ទីម៉ែត្រដេរចំនួន ០៦ថ្នេរ។
២-រយះផ្នែកស្មារខាងស្តាំប្រវែង ១០សង់ទីម៉ែត្រដេរ ចំនួន ០៩ថ្នេរ។
៣-រយះផ្នែកដៃខាងឆ្វេងប្រវែង ០៥សង់ឭទីម៉ែត្រដេរ ចំនួន ០៥ថ្នេរ។
៤-រយះផ្នែកដៃខាងឆ្វេងដដែលប្រវែង ០២សង់ទីម៉ែត្រដេរ ចំនួន ០២ថ្នេរ។
សូមបញ្ជាក់ផងដែថា ៖ ជនសង្ស័យ និងជនរងគ្រោះត្រូវជាបងប្អូនបង្កើតនិងគ្នារស់នៅផ្ទះជាមួយគ្នាជាមួយម្តាយជាស្ត្រីម៉េម៉ាយ (កន្លងមកជនសង្ស័យឲ្យតែហូបគ្រឿងស្រវឹងគឺវង្វេងស្មារតីហើយតែងបង្កជម្លោះជាពាក្យសំដីជាមួយបងប្រុសនិងម្តាយជាញឹកញ៉ាប់)។ បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ចំណែកជនសង្ស័យត្រូវបានផ្នែកជំនាញអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានមានជ័យធ្វើការឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ កសាងសំណុំរឿងអនុវត្តន៍តាមនីតិវិធី៕