ខេត្តបន្ទាយមានជ័យ ៖ មួកសុវត្ថិភាពមួយ ជួយការពារជីវិតបានម្នាក់នេះ គឺជាសារលើកឡើងរបស់ លោក សុក ចាន់ថា ដែលជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ដើម្បីជាជំនួយស្មារតីស្តីពីការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងនោះរួមមានមន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូន សហការជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត្ត នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចមុខមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ បានធ្វើការផ្សព្វផ្សាយពីគោលការណ៍សំខាន់ៗ ដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវ គោលបំណងនៃការចុះផ្សព្វផ្សាយពីច្បាប់ចរាចរណ៍នាពេលនេះ គឺដើម្បីកាត់បន្ថយពីគ្រោះថ្នាក់ចរាចរណ៍ក៏ដូចជាធ្វើការណែនាំ ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមយានយន្តគ្រប់ប្រភេទលើដងផ្លូវឲ្យមានការយល់ដឹងបន្ថែមទៀត ដូចជាជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព បើកបររថយន្តត្រូវពាក់ខ្សែក្រវាត់ និងមិនត្រូវនិយាយទូរសព្ទក្នុងពេលបើកបរ ពិសេសការបើកបរត្រូវមានចិត្តអត់ធន់អធ្យាស្រ័យគ្នាទៅវិញទៅមក។
លោក សុក ចាន់ថា បញ្ជាក់ថា ៖ បើតាមការសង្កេតឃើញថាអ្នកបើកបរម៉ូតូងាយរងគ្រោះថ្នាក់ ជាងអ្នកបើកបររថយន្ត ហេតុនេះហើយការប៉ះទង្គិចម្ដងៗឱកាសនៃអ្នករបួស និងអ្នកស្លាប់ អ្នកបើកបរម៉ូតូច្រើនជាអ្នកបើកបររថយន្ត។
លោកបានបន្ដថា ៖ ការចេះយោគយល់ពីច្បាប់ចរាចរណ៍គឺជាកត្តាចម្បង ក៏ប៉ុន្តែកត្តាដែលសំខាន់នោះ គឺពេលបើកបរលោកអ្នកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច កុំបើកបរហួសល្បឿនកំណត់ កុំបើកបរពេលកំពុងស្រវឹង មានសុជីវធម៌អធ្យាស្រ័យ ចំពោះអ្នកប្រើប្រាស់ផ្លូវដូចគ្នា សូមចាំថាការប្រមាថក្នុងការបើកបរគឺជាការប្រមាថដល់អាយុជីវិតរបស់ខ្លួនឯងក៏ដូចជាអ្នកដទៃ។ ក្នុងការចុះផ្សព្វផ្សាយនេះផងដែរ ក៏មានធ្វើការចែកជូននូវខិត្តប័ណ្ណ សៀវភៅស្តីពីច្បាប់ចរាចរណ៍ បិទចំណាំងប្លាតនិងមានសួរសំណួរចម្លើយដល់អ្នកបើកបរម៉ូតូ ដែលពុំបានពាក់មួកសុវត្ថិភាព និងបានធ្វើការចែកជូនមួកសុវត្ថិភាពផងដែរ។
សូមបញ្ជាក់ផងដែររយៈពេលមួយព្រឹកនេះជាលទ្ធផល អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពមានប្រមាណជាង ៣៥% ប៉ុណ្ណោះ៕