រាជធានីភំ្នពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាវេទិការផ្នែកច្បាប់សម្រាប់មន្ត្រីនគរបាលយុត្តិធម៌។
ពិធីបើកសិក្ខាសាលាវេទិកាផ្នែកច្បាប់សម្រាប់មន្ត្រីនគរបាលយុត្តិធម៌នេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈុន ចាន់សុខា ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត , លោក James McCABE នាយកប្រតិបត្តិអង្គភាពការពារកុមារCPU និងសហការី , លោកឧត្តមសេនីយ៍ វរៈសេនីយ៍ និងសិក្ខាកាមជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ បានថ្លែងអំណរគុណចំពោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថត អគ្គស្នងការនគរបាលជាតិ ដែលបានអនុញ្ញាតឲ្យមានការរៀបចំសិក្ខាសាលា ស្ដីពីវេទិការផ្នែកច្បាប់ សម្រាប់មន្ត្រីនគរបាលយុត្តិធម៌នេះ ក្រោមគំនិតផ្តួចផ្តើមរបស់អង្គភាពការពារកុមារ CPU ដែលបានខិតខំរៀបចំឲ្យបានដំណើរការនាពេលនេះ។ ឯកឧត្តម សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គភាពការពារកុមារ CPU ជាពិសេស លោក James McCABE តែងតែខិតខំរកជំនួយផ្សេងៗ ជួយដល់នគរបាលជាតិកម្ពុជា តាមរយៈការបើកវគ្គបណ្តុះបណ្តាលជំនាញ សិក្ខាសាលា និងបំពាក់ឧករណ៍ សម្ភារៈបច្ចេកទេសស៊ើបអង្កេតអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ហើយសិក្ខាសាលាថ្ងៃនេះ អង្គភាពការពារកុមារ CPU បានអញ្ជើញសុទ្ធតែអ្នកជំនាញជាន់ខ្ពស់ និងអ្នកច្បាប់ ដែលមានបទពិសោធន៍ក្នុងការងារជាក់ស្ដែង ដូចជា អង្គភាពឃ្លាំមើលតាមប្រព័ន្ធអនឡាញ(IWF) មជ្ឈមណ្ឌលជាតិការពារកុមារបាត់ខ្លួន និងរងគ្រោះដោយការកេងប្រវ័ញ្ច (NCMEC) ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា នគរបាលអូស្ត្រាលី ទីភ្នាក់ងារតុលាការ រដ្ឋអាជ្ញាអូស្ត្រាលី និងទីភ្នាក់ងារអនុវត្តច្បាប់អន្តរជាតិ ក្នុងគោលបំណងធ្វើបទបង្ហាញ ផ្លាស់ប្ដូបទពិសោធន៍ និងផ្តល់ចំណេះដឹងថ្មីៗ អំពីបច្ចេកទេសស៊ើបអង្កេតទំនើបៗ និងកោសល្យវិច័យភស្តុតាង ជូនដល់មន្ត្រីនគរបាលយុត្តិធម៌កម្ពុជាយើង រួមមាន ៖ ភស្តុតាងឌីជីថល DNA ចម្លើយបំភ្លឺ សីលធម៌ក្នុងប្រព័ន្ធច្បាប់ ការគាំពារកុមារ ក្នុងប្រព័ន្ធច្បាប់ ប្រភពនៃភស្តុតាង ករណីសិក្សា អនាគតនៃការការពាររឿងក្តី កោសល្យវិច័យសាកសព និងមូលហេតុនៃការស្លាប់ ច្បាប់និងការផ្សព្វផ្សាយ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ក៏បានជម្រាបជូនដល់ លោកឧត្តមសេនីយ៍ វរៈសេនីយ៍ និងសិក្ខាកាមទាំងអស់ជ្រាបថា នៅក្នុងសិក្ខាសាលា ស្តីពីតួនាទីភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ និងការទំនាក់ទំនងជាមួយស្ថាប័ន តុលាការ ដែលរៀបចំដោយក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ចំនួន០៥ចំណុចដូចខាងក្រោម ៖
ទី១-កុំអាលកោះហៅបុគ្គលដែលមិនទាន់មានតម្រុយភស្តុតាងរឹងមាំមកសាកសួរ ឬស្តាប់ចម្លើយ ។
ទី២-កុំឃាត់ខ្លួនបុគ្គលដែលអាចចូលរួមប្រព្រឹត្តបទល្មើសខុសនីតិវិធី ។
ទី៣-កុំអាលចាប់ខ្លួនបុគ្គលដែលមិនទាន់មានតម្រុយច្បាស់លាស់ជាមុខសញ្ញាពិតប្រាកដ ។
ទី៤-កុំឆែកឆេរលើលំនៅឋាន, យានយន្ត និងលើខ្លួនបុគ្គលបំពានទៅនឹងគោលការណ៍ច្បាប់នៃការឆែកឆេរ។
ទី៥-កុំបង្ខំយកចម្លើយសារភាពដោយប្រើហឹង្សា ឬធ្វើទារុណកម្មលើបុគ្គលដែលរឹងរូសមិនព្រមឆ្លើយនឹងសំណួររបស់មន្ត្រីនគរបាលយុត្តិធម៌ ។
«មន្ត្រីនគរបាលយុត្តិធម៌រូបណាបំពានទៅនឹងវិធានការ ឬបទបញ្ជាខាងលើនេះ នឹងត្រូវទទួលរងនូវទណ្ឌកម្មវិន័យរបស់កងកម្លាំងនគរបាលជាតិ ឬករណីធ្ងន់ធ្ងរត្រូវបានកសាងសំណុំរឿងបញ្ជូន ទៅតុលាការផ្តន្ទាទោសតាមច្បាប់» ។
ឯកឧត្តមអគ្គស្នងការរង ក៏បានផ្ដាំផ្ញើទៅដល់សិក្ខាកាមទាំងអស់ សូមយកចិត្តទុកដាក់ស្ដាប់ ស្វែងយល់អំពីមុខជំនាញ និងច្បាប់ ដែលធ្វើបទបង្ហាញដោយអ្នកជំនាញផ្សេងៗ បើមានចម្ងល់ត្រូវហ៊ានសួរភ្លាម ដើម្បីឲ្យមានការបកស្រាយដោយអ្នកជំនាញ នេះជាការចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក អំពីបច្ចេកទេសស៊ើបអង្កេត និងច្បាប់។ និងសូមថ្លែងអំណរគុណដល់លោក James McCABE នាយកប្រតិបត្តិអង្គភាពការពារកុមារ CPU ដែលបានរៀបចំសិក្ខាសាលនេះ ប្រកបដោយជោគជ័យ និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការធ្វើឲ្យអង្គសិក្ខាសាលាដំណើរការទៅដោយរលូនទៅតាមការគ្រោងទុក៕