រាជធានីភំ្នពេញ ៖ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី “ការពង្រឹង និងលើកកម្ពស់ជំនាញប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ” នៅនាយកដ្ឋានអង្គរក្ស ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា ៖ ការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ជាការងារដែលមានចរិកលក្ខណៈជានិរន្ត ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការធានាឱ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព ក៏ជាចូលរួមថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គមរបស់ប្រទេសកម្ពុជា និងសកលលោក ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តថា៖ ដូច្នេះហើយសិក្ខាកាមដែលបានចូលរៀនក្នុងវគ្គបណ្តុះបណ្ដាលនាពេលនេះ ត្រូវយកចំណេះដឹងមេរៀនដែលទទួលបានពីការបណ្ដុះបណ្ដាលទៅស្រាវជ្រាវ និងស្វែងយល់បន្ថែម ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យទៅជាមន្រ្តីស៊ើបអង្កេតពោរពេញទៅដោយចំណេះដឹង សមត្ថភាព និងជំនាញ ព្រមទាំងធ្វើយ៉ាងណាវិវឌ្ឍន៍ខ្លួនឱ្យទៅជាគ្រូឧទ្ទេស និងជាជនបង្គោលសម្រាប់បណ្តុះបណ្តាលបន្តដល់មន្រ្តីស៊ើបអង្កេតចំណុះអង្គភាពរបស់ខ្លួន ចាប់ពីស្នងការដ្ឋានរហូតដល់អធិការដ្ឋាន ។
គូសបញ្ជាក់ផងដែរថា ៖ វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ដល់ទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានសិក្ខាកាមចូលរួម ជាស្នងការរង នាយការិយាល័យ នាយរងការិយាល័យ និងនាយផ្នែក មកពីបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្តចំនួន ៤១រូប ៕