ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង២០និង១៥នាទី នៅចំណុចភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង មានករណីប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់ពូថៅកាប់) មួយកើតឡើង ដែលបង្ករដោយជនង្ស័យ ០២នាក់ ១-ឈ្មោះ យឿង ស្រស់ ភេទប្រុស អាយុ៥៤ឆ្នាំ និង២-ឈ្មោះ យឿង ភឹម ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ប្រើប្រាស់កូនពូថៅកាប់ដៃកាប់ទៅលើជនរងគ្រោះឈ្មោះ ស៊ឹម ពិសាខ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅក្រុមទី៨ ភូមិស្វាយស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង បណ្តាលអោយរងរបួសត្រង់ច្រវ៉ែបមេដៃខាងឆ្វេង ០១កន្លែង និងពកជុំវិញក្បាលតូចៗ បច្ចុប្បន្នជនរងគ្រោះ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបវេល ។
ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីលោក នុត វីនីត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកបវេល ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យ ០២នាក់ ឈ្មោះ យឿង ស្រស់ ភេទប្រុស អាយុ៥៤ឆ្នាំ និង២-ឈ្មោះ យឿង ភឹម ភេទប្រុស អាយុ២៨ឆ្នាំ មកកាន់អធិការដ្ឋាននគរបាលស្រុកបវេលដើម្បីធ្វើការសាកសួរ ។
ក្រោយពីសាកសួរជនសង្ស័យទាំង០២នាក់ បានសារភាពថា បានប្រើប្រាស់ពូថៅកាប់លើជនរងគ្រោះ ពិតប្រាកដមែន ។ មូលហេតុដោយសារ ទាស់សំដីគ្នា ។
បច្ចុប្បន្ន ជនសង្ស័យខាងលេីត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕