ពោធិ៍សាត់៖ កាលពីថ្ងៃចន្ទ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៧និង២០នាទីព្រឹក មានករណីហឹង្សាដោយចេតនា កើតហេតុនៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បង្ករឡើងដោយជនសង្ស័យឈ្មោះ មឿន សាម៉េង ហៅផ្លយ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំ កើតហេតុ(ត្រូវជាចៅ និងបងជីដូនមួយ) ជនរងគ្រោះឈ្មោះ ហែម គៀម ភេទស្រី អាយុ៧២ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ រស់នៅភូមិឃុំកើតហេតុ(ជីដូន)និងឈ្មោះ ងិន រ៉ាវីត ភេទស្រី អាយុ១៦ឆ្នាំ មុខរបរកសិករ មានលំនៅភូមិឃុំកើតហេតុ(ប្អូនជីដូនមួយ)។
របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា យោងតាមកំណត់ហេតុបណ្ដឹងនិង បំភ្លឺរបស់ជនរងគ្រោះទាំងពីរនាក់ បានរៀបរាប់ឲ្យដឹងថា នៅពេលកើតហេតុ ចៅនិង បងជីដូនមួយរបស់ខ្លួនបានធ្វើសកម្មភាព បង្ករការអុកឡុកក្នុងផ្ទះ ហើយបានជេរប្រមាថ គំរាមសម្លាប់ជីដូន និងវាយប្អូនស្រីជីដូនមួយ ចំថ្ពាល់ខាងស្តាំ១ដៃ។ យោងតាមកំណត់ហេតុស្រង់ចម្លើយរបស់ជនសង្ស័យបានរៀបរាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុ ខ្លួនបានដាំទឹកស្រុះមីហូប ហើយយាយគាត់ជេរមាន់ឌឺដងដាក់ខ្លួន ចំណែកប្អូនស្រី ចេះតែធ្វើកាយវិការ និងសំដី មិនពេញចិត្តខ្លួន ខ្លួនខឹងក៏វាយមួយដៃ ហើយ មិនបានជេរប្រមាថ និងគំរាមសម្លាប់យាយរបស់ខ្លួនទេ។មូលហេតុៈខឹងយាយ និងប្អូនជីដូនឌឺដង។ជនសង្ស័យប្រើប្រាស់នូវសារធាតុញៀនវិជ្ជមាន(+)។
ចំពោះជនសង្ស័យសមត្ថកិច្ចបានធ្វើការឃាត់ខ្លួននៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៧និង១៣នាទី តាមបញ្ជាឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីរៀបចំនីតិវិធី៕