ខេត្តពោធិ៍សាត់ ៖ កាលពីថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀង ដឹកនាំដោយលោក ហុក ម៉េងអាន នាយរងផ្នែកក្រគរ សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងយោធាខេត្ត បានចេញប្រតិបត្តិការត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល នៅចំណុចចាប់ពីផាត់សណ្ដោងរហូតដល់ជ្រោយតាកែវ ភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដែលមានកម្លាំងសរុប ៧នាក់ មធ្យោបាយធ្វើដំណើរកាណូតចំនួន ២គ្រឿង។
លោកវរសេនីយ៍ឯក សៀន វិរៈ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ៖ ក្នុងកិច្ចសហប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចចម្រុះបានរុះរើ និងបំផ្លាញចោលចំនួន ១ករណី របាំងសាច់អួនក្រឡាល្អិតចំនួន ៥ខ្សែ ប្រវែង១៦០០ម៉ែត្រ, ក្បាលបរចំនួន ២គ្រឿង, លូកងសាច់អួនចំនួន ៧មាត់, បង្គោលចំនួន ៥៤០ដើម និងបានចាក់លែងត្រីចំរុះទម្ងន់២៥គីឡូក្រាម ចូលក្នុងទន្លេវិញ ចំពោះវត្ថុតាងសមត្ថកិច្ចបំផ្លាញចោលនៅហ្នឹងកន្លែង៕