មណ្ឌលគិរី ៖ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀនអោយដូចភ្លៀងរលឹមក្នុងទូទាំងខេត្តមណ្ឌលគិរី កាលពី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ នាវេលាម៉ោង២៣ និង២៦នាទី នៅត្រង់ចំណុចកែងផ្លូវលំស្រែត្រាវ ស្ថិតនៅក្នុងឃុំស្រែសង្គម ស្រុកកោះញែកខេត្តមណ្ឌលគិរី ដោយមានការសហការពីលោក ឆាន ជិន មេឃុំសុខសាន្ត និងកម្លាំងប្រជាការពារ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកោះញែក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែសង្គម និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសុខសាន្ត បានប្រើវិធានការជំនាញបង្រ្កាបជនសង្ស័យបានចំនួន០១នាក់ ក្នុងករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ជនសង្ស័យមានឈ្មោះ វុធ សារី ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិមានជ័យ ឃុំស្រែសង្គមស្រុកកោះញែក ខេត្តមណ្ឌលគិរី។ រកឃើញថ្នាំញៀន ចំនួន០២កញ្ចប់តូច ដែលជនសង្ស័យទំលាក់ចោលនៅលើដីចម្ងាយប្រហែលកន្លះម៉ែត្រពីខ្លួន ទើបកម្លាំសមត្ថកិច្ចយើងក៏បានបន្តនីតិវិធីចុះដល់ទីតាំមុខសញ្ញាជួញដូរគ្រឿងញៀន នៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិមានជ័យ ឃុំស្រែសង្គម ស្រុកកោះញែក មណ្ឌលគិរី ។
សមត្ថកិច្ចយើងបានធ្វើការឆែកឆេរផ្ទះរបស់ជនសង្សយ័ឈ្មោះ វុធ សារី រកឃើញថ្នាំញៀនមេតំហ្វេតាមុីន ចំនួន០២កញ្ចប់ធំល្មមបន្ថែមទៀត។ បានធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យជាលទ្ធផលវិជ្ជមាន (+)។
វត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យករួមមានដូចខាងក្រោម៖ សង្ស័យជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លា មេតំហ្វតាមីន ចំនួន០៤ កញ្ចប់ (២តូច) (និង០២កញ្ចប់ធំល្មម) និងទូរស័ព្ទ ចំនួន០១ គ្រឿងម៉ាកNokia ចុចពិល ពណ៌ទឹកសមុទ្រចាស់ ) អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១សន្លឹក ថង់វេចខ្ចប់ថ្នាំញៀន និងឧបករណ៍កែច្នៃសម្រាប់ជក់ថ្នាំញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ស្រុកកោះញែក កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនមកការិយាល័យជំនាញប្រឆាំងគ្រឿងញៀន ខេត្តមណ្ឌលគិរីកសាងសំណុំរឿងទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕