General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា និងលើកទិសដៅខែតុលា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តកែប

Loading

ខេត្តកែប ៖ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នៅរសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅអនុវត្តការងារ
បន្ត ខែតុលា ឆ្នាំ២០២៤។

កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងទាំងអស់ នាយ នាយរងការិយាល័យជំនាញ អធិការ អធិការរងនគរបាលក្រុង-ស្រុក ប្រធានក្រុមចម្រុះនគរបាលខេត្ត គ្រប់គោលដៅ ប្រធានក្រុមអន្តរាគមន៍ និងនាយប៉ុស្តិ៍រដ្ឋបាលទាំង៥ឃុំ សង្កាត់ សរុប ចំនួន១៥៣នាក់។

បន្ទាប់ពីបានស្តាប់របាយការណ៍ប្រចាំខែ ដែលអានដោយលោកវរសេនីយ៍ឯក អ៊ូច កុម្ភៈ នាយការិយាល័យសរុបផែនការ ,ការអានអនុក្រឹត្យ លេខ១៧៦ អនក្រ.បក ស្តីពីការសុំច្បាប់និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្ត្រីនគរបាលជាតិកម្ពុជា អានដោយលោកវរសេនីយ៍ឯក មាស សំណាង ស្នងការរងស្តីទី ផែនការងារធនធានមនុស្ស និងការផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ,ផែនការការពារសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៣-២០២៤ , ផែនការការពារពិធីរត់ភ្លើងគប់ កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ អានដោយលោកឧត្តមសេនីយ៍ត្រី យស ភិរិទ្ធិ ស្នងការរងផែនការងារសេនាធិការ និងមតិចូលរួមពីបណ្តាប្រធានផែន នាយការិយាល័យ អធិការនគរបាលក្រុង ស្រុក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលរួចមក។

មានប្រសាសន៍ទៅកាន់អង្គប្រជុំ លោកឧត្តមសេនីយ៍ទោ ស្នងការ បានកោតសរសើរចំពោះលទ្ធផលការងារដែលខិតខំរួមគ្នាសម្រេចបាន និងបានដាក់ចេញនូវ គោលការណ៍ និងវិធានការណ៍មួយចំនួនរួមមាន៖
-ត្រៀមកម្លាំង មធ្យោបាយ ឧបករណ៍ សម្ភារៈ ដើម្បីមានម្ចាស់ការអន្តរាគមន៍បន្ទាន់សម្រាប់ហេតុការណ៍គ្រោះធម្មជាតិកើតឡើងជាយថាហេតុ។
-ក្តាប់សភាពការណ៍ ការបំផុសចលនាហាជន បង្ការទប់ស្កាត់ការបំផុសអូសទាញខុសច្បាប់ពីក្រុមប្រឆាំង ត្រូវជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃរបស់រាជរដ្ឋាភិបាល។
-ត្រូវបែងចែកកម្លាំងប្រចាំការនៅតាមអង្គភាព និងបែងចែកតាមគោលដៅ តាមដងផ្លូវ វត្តអារាមទូទាំងខេត្ត ទាំងថ្ងៃនិងយប់ ដើម្បីធានាការប្រារព្ធពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ប្រព្រឹត្តទៅដោយរលូននិងមានសុវត្ថិភាពល្អ។
-យកចិត្តទុកដាក់រៀបចំកម្លាំងចុះអនុវត្តតាមផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ និងអនុវត្តផែនការការពារពិធីរត់ភ្លើងគប់ កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ឲ្យធានាបានជោគជ័យតាមការគ្រោងទុក។
-ត្រូវបន្តពង្រឹងការផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឲ្យបានទាន់ពេលវេលា។
-បន្តជម្រុញអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យមានសកម្មភាពផុលផុស និងត្រូវយកចិត្តទុកដាក់គ្រប់គ្រងមុខសញ្ញាគ្រប់ប្រភេទ បង្ការ ទប់ស្កាត់ បង្ក្រាបគ្រប់បទល្មើសលួច ឆក់ ប្លន់ ក្មេងទំនើង និងបទល្មើសគ្រឿងញៀន។

ចុងបញ្ចប់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានប្រគល់អាវភ្លៀង ចំនួន២០០អាវ ជូនដល់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕