ខេត្តស្វាយរៀង ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៣ និង៣៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយធំ និងកម្លាំងប្រជាការពារ កំពុងយាមការពារបុណ្យភ្ជុំបិណ្ឌនៅវត្តអង្គឬស្សី ស្ថិតនៅភូមិអង្គឬស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ស្រាប់តែមានក្មេងទំនើងចំនួន ០២នាក់ ជិះម៉ូតូម៉ាកហុងដាសេរី២០១៦ ពណ៌ស ស្លាកលេខ ភ.ព ១FR ២៦៩៧ បើកបរដោយឈ្មោះ ឡេង ប៊ុនស័ក ភេទប្រុស អាយុ១៨ឆ្នាំ ជិះឌុបឈ្មោះ យ៉ង បូរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ទាំង២នាក់នៅភូមិត្រោកធំ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានជិះម៉ូតូបង្ហោះអុកឡុកក្នុងវត្ត ភ្លាមនោះកម្លាំងសមត្ថកិច្ចបានព័ទ្ធស្ទាក់ចាប់បានភ្លាមនៅ និងក្នុងវត្តតែម្តង ក៏នាំខ្លួនយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយធំ នៅចំពោះមុខសមត្ថកិច្ចក្មេងទំនើងទាំង២នាក់បានឆ្លើយសារភាពថាពួកខ្លួនពិតជាបានជិះម៉ូតូបង្ហោះនៅក្នុងវត្តអង្គឬស្សីពិតមែន។
ក្រោយពីបានស្តាប់ការបំភ្លឺពីក្មេងទំនើងរួចហើយ លោកអធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ស្នងការ និងសុំយោបល់ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង យកក្មេងទំនើងទាំង២នាក់យកមកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីធ្វើការអប់រំ និងបានទុកមធ្យោបាយរយៈពេល៣ខែ៕