រាជធានីភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃព្រហស្បតិ៍ ០២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអញ្ជើញចូលរួមធ្វើជាវាគ្មិន ក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការជំរុញការអនុវត្តច្បាប់ និងបច្ចេកទេសនៃការកសាង និងការចោទប្រកាន់ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់” ដែលរៀបចំឡើងដោយក្រសួងយុត្តិធម៌។
គួរបញ្ជាក់ផងដែរថា ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានអញ្ជើញចូលរួមធ្វើជាវាគ្មិនក្នុងការធ្វើបទបង្ហាញលើប្រធានបទស្តីពី “ការស៊ើបអង្កេតក្នងបទល្មើសសម្អាតប្រាក់” និង “ការចែករំលែកបទពិសោធន៍ ការស៊ើបអង្កេតក្នុងបទល្មើសសម្អាតប្រាក់ (ការអនុវត្ត និងបញ្ហាប្រឈម)” និងចូលរួមការពិភាក្សាជាក្រុម (Panel Discussion) អំពីកិច្ចសហប្រតិបត្តិការផ្តល់ និងការប្រមូលព័ត៌មានអំពីការស៊ើបអង្កេតការសម្អាតប្រាក់ជាមួយ លោកជំទាវ សុង ឆវ័ន្ត អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌, លោកជំទាវ សុន សុខាលីដា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ, លោក សេង រិទ្ធី ចៅក្រមអមសាលាដំបូងខេត្តកំពង់ស្ពឺ និងលោក ជូ វាសនា តំណាងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៤០នាក់ ៕