General Commissariat of National Police
.

កងកម្លាំងនគរបាលស្រុកកោះសូទិន បានចុះជួយរុះរើរំកិលផ្ទះប្រជាពលរដ្ឋប្រឈមនឹងការបាក់ជ្រាំងទន្លេ មកកាន់ទីតាំងមានសុវត្ថិភាព

Loading

ខេត្តកំពង់ចាម៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ ពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បានគិតគូរអំពីសំណូមពរពីប្រជាពលរដ្ឋដែលមានការភ័យខ្លាចអំពីការបាក់ជ្រាំងទន្លេ ដែលអាចបណ្ដាលឱ្យប៉ះពាល់ដល់លំនៅដ្ឋានរបស់បងប្អូន លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់ចេញនូវបទបញ្ជាឱ្យកងកម្លាំងថ្នាក់មូលដ្ឋាន ត្រូវដោះស្រាយបន្ទាន់ចំពោះសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ។

ជាក់ស្តែង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ កងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន កម្លាំងប៉ុស្ថិ៍នគរបាលរដ្ឋបាល សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាការពារ បានចុះជួយរុះរើ និងលើកសែងផ្ទះតាមការសំណូមពររបស់ប្រជាពលរដ្ឋ ដែលមានការភ័យខ្លាច ដោយសារផ្ទះពួកគាត់មានទីតាំងនៅជិតដីបាក់ស្រុតចូលទន្លេ ដែលទើបបាក់ស្រុតប្រវែងទទឹង២៥ម៉ែត្រ បណ្ដោយ៥០ម៉ែត្រ ហើយនៅសល់ត្រឹមតែ២០ម៉ែត្រទៀតប៉ុណ្ណោះដល់ផ្ទះរបស់ពួកគាត់ ។

កំលាំងសាមគ្គីដ៏ខ្លាំងក្លារបស់កងកម្លាំង ផ្ទះចំនួន២ខ្នង ត្រូវបានរំកិលទៅទីតាំង ដែលមានសុវត្ថិភាពជាបណ្ដោះអាសន្ន ស្ថិតនៅក្នុងភូមិទី៩ និងភូមិទី១២ ក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ។

ជាមួយគ្នានេះផងដែរ កម្លាំងនគរបាលថ្នាក់មូលដ្ឋានបានផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិនេះ ដែលអាចកើតជាយថាហេតុបានគ្រប់ពេលពេលវេលាក្នុងរដូវកាលនេះ ពិេសសត្រូវបង្កើនការយកទុកដាក់លើក្មេងៗ កុមារ ចំពោះការលង់ទឹកទន្លេ បឹងបួរ ប្រឡាយជាដើម និងការថែរក្សាសត្វពាហនៈ ផងដែរ ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរជ្រាំងទន្លេ និងតំបន់ទំនាប សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងសូមរាយការណ៍ស្នើសុំជួយអន្តរាគមន៍ ២៤/២៤ម៉ោងទៅកាន់អាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកកាន់កម្លាំងប្រចាំបញ្ជារបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម តាមរយៈលេខទូរស័ព្ទ 097 778 0003 ៕