ខេត្តកំពត៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨.០០ នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពត បានដំណើរការបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ រយៈពេល ០៩ ខែ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តកំពត ។
កិច្ចប្រជុំនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងមានការអញ្ជើញចូលរួមពីលោក លោកស្រី ស្នងការរង លោកអនុប្រធានការិយាល័យកណ្ដាល លោកនាយ នាយរងការិយាល័យជំនាញ លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ ៦០១ លោក អធិការ.អធិការរង ទាំង ៩ ក្រុង.ស្រុក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ទាំង ៩៣ សរុបចំនួន ២៦១ នាក់ ស្រី ១៣ នសក់។
ជាកិច្ចចាប់ផ្តើមលោកវរសេនីយ៍ឯក ដាន វុត្ថា ស្នងការរងទទួលផែនការងារសេនាធិការ បានឡើងអានរបាយការណ៍ បូកសរុបលទ្ធផលការងារ រយៈពេល ០៩ ខែ ឆ្នាំ២០២៤ និងសេចក្តីណែនាំលេខ ០១០ សណន ចុះថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៤ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
– មតិចូលរួមបំពេញបន្ថែមរបស់លោកអធិការក្រុង.ស្រុក ដោយបានលើកឡើងជុំវិញ ការងារក្តាប់សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ក្នុងភូមិសាស្ត្រខ្លួនទទួលខុសត្រូវ។
ប្រសាសន៍បូកសរុបនិងលើកទិសដៅអនុវត្តបន្ត របស់លោកឧត្តមសេនីយ៍ទោ ស្នងការ បានបញ្ជាក់បន្ថែមលើបទវិន័យនគរបាលជាតិ ដល់មន្ត្រីថ្នាក់ប៉ុស្តិ៍រដ្ឋបាល ក្នុងការគ្រងឯកសណា្ឋនឲ្យបានត្រឹមត្រូវក្នុងពេលចុះប្រតិបត្តិការ ក៏ដូចជាកម្លាំងជំនាញក្នុងការិយាល័យ។
– ពាក់ព័ន្ធការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងរដូវភ្ជុំបិណ្ឌកម្លាំងយើងត្រូវរិតបណ្តឹងនិងធ្វើការអប់រំ ដល់ពួកគាត់ ។ ធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ កុំឲ្យពួកគាត់មានការក្តៅក្រហាយ។
– ពាក់ព័ន្ធផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឪកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌ កម្លាំងយើងត្រូវសហការគ្នាដើម្បីជួយសម្រួលដល់កាកកស្ទះចរាចរណ៍នៅតាមគោលដៅនិមួយៗ។
– អធិការក្រុង ស្រុក ត្រូវត្រួតពិនិត្យ កម្លាំងតាមប៉ុស្តិ៍ដែលខ្វះត្រូវចេះច្នៃប្រឌិត ពិសេសត្រូវយកចិត្តទុកដាក់កម្លាំងប្រជាការពារ
– ពាក់ព័ន្ធការធ្វើវេទិកាសាធារណៈ នៅតាមបណ្តាក្រុង ស្រុក ត្រូវធ្វើរបាយការណ៍ឲ្យបានច្បាស់លាស់។
– ក្រុមការងារធ្វើអត្តសញ្ញាណប័ណ្ណចល័ត ត្រូវតែបន្តធ្វើនៅតាមបណ្តាក្រុង.ស្រុក តទៅទៀត។
– អធិការនគរបាលក្រុង ស្រុក ត្រូវរៀបចំក្រុមធ្វើអត្តសញ្ញាណប័ណ្ណ នៅតាមវត្តអារាម ក្នុងរដូវភ្ជុំបិណ្ឌនេះ។
– ការងារគ្រឿងញៀនយើងត្រូវប្រមូល អ្នកដែលប្រើប្រាស់ មកសួរនាំរកអ្នកចែកចាយ រួចយើងកសាងសំណុំរឿងទៅតុលាការដើម្បីចាត់ការ។
– ត្រៀមកម្លាំងសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបទឹកជំនន់ និងរកទីទួលសុវត្ថិភាព។
មុនបញ្ចប់លោកឧត្តមសេនីយ៍ទោ ស្នងការ បានជំរុញឲ្យមន្ត្រីនគរបាល នៅតាមបណ្តាការិយាល័យជំនាញទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ ទៅលើការងារជំនាញរបស់ខ្លួន ដើម្បីមានការអភិវឌ្ឍ និងសូមជូនពរដល់មន្ត្រីនគរបាលទាំងអស់ ឲ្យទទួលជោគជ័យគ្រប់ភារកិច្ច និងមានអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕