រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានបង្ហាញជំហររួមគ្នា ក្នុងការបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ការបញ្ជាក់ជំហររួមគ្នានេះ ធ្វើឡើងក្នុងជំនួបសម្ដែងការគួរសមរវាង ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងឯកឧត្តម វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តម វ៉ាង វិនប៊ីន ដែលបានមកបំពេញការងារជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំកម្ពុជា ដោយបានសង្កត់ធ្ងន់ថា យោងតាមបទពិសោធន៍កាទូតដ៏ប៉ិនប្រសប់ និងយូរឆ្នាំរបស់លោកឯកអគ្គរដ្ឋទូត នឹងធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា-ចិន កាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជា-ចិន មានទំនាក់ទំនងជាប្រពៃណី កិច្ចសហប្រតិបត្តិការស៊ីជម្រៅ និងគ្រប់ជ្រង់ជ្រោយ និងជាមិត្តដែកថែប។
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងភាគីទាំងពីរកម្ពុជា-ចិន នាពេលកន្លងមក ក្នុងនោះមានទាំងវិស័យសន្ដិសុខ, សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការ និងជំនួួយនៅក្នុងការអភិវឌ្ឍ លើវិស័យមួួយចំនួន និងថ្លែងអំណរគុណ ចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលរួមចំណែកដល់ការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ផ្អែកទៅលើចំណងមិត្តភាពដ៏យូរលង់ និងប្រពៃណី ក៏ដូចជាមិត្តភាពដែកថែប រដ្ឋាភិបាលចិន តាមរយៈស្ថានទូតនឹងបន្ដគាំទ្រកម្ពុជា ដើម្បីសម្រេចចក្ខុវិស័យនៅឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ សំដៅលើកម្ពស់កម្រិតជីវភាពប្រជាជនឲ្យកាន់តែខ្ពស់។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានបន្ដទៀតថា ចិន នឹងនៅតែបន្ដគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យដើរតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់ និងឆាកអន្ដរជាតិ ដើម្បីផ្សព្វផ្សាយនូវគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ចំពោះគោលនយោបាយឈ្នះឈ្នះរបស់កម្ពុជា ចិននឹងរួមចំណែកក្នុងការផ្សព្វផ្សាយឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត សំដៅកាត់បន្ថយជម្លោះ សង្គ្រាម និងគោលដៅរួម គឺការការពារសន្ដិភាពនៅក្នុងតំបន់ និងពិភពលោក៕
ដោយឡែក ចំពោះកិច្ចសហប្រតិបត្តិការលើផ្នែកសន្ដិសុខជាតិវិញ ឯកឧត្តម វ៉ាង វិនប៊ិន បានអះអាងថា រដ្ឋាភិបាលចិន តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា នឹងបន្ដកិច្ចសហប្រតិបត្តិការជួយពង្រឹងសមត្ថភាព ការបណ្ដុះបណ្ដាល ផ្លាស់ប្ដូរព័ត៌មាន សំដៅពង្រឹងសន្ដិសុខរវាងប្រទេសទាំងពីរចិន-កម្ពុជា និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ អំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់កម្ពុជា និងអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ចិន និងគូសបញ្ជាក់ថា ស្ថាប័នទាំងពីរ នឹងបន្ដកិច្ចសហការគាំទ្រគ្នាទៅវិញទៅមក។
ជាចុងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមសង្កត់ធ្ងន់ថា ផ្អែកតាមបទពិសោធន៍ ក៏ដូចជាសមត្ថភាពខ្ពស់របស់ឯកអគ្គរដ្ឋទូត បានត្រៀមជានិច្ចដើម្បីចូលរួមគាំទ្រចំពោះការបំពេញភារកិច្ចការងារនៅប្រទេសកម្ពុជា ឲ្យកាន់តែទទួលបានជោគជ័យបន្ថែមទៀត៕