កំពង់ធំ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាល និងលោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបំប៉នជំនាញរយៈពេលខ្លី ស្ដីពីតួនាទីភារកិច្ច របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ការអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព និងការងារនគរបាល និងសហគមន៍ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។
ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំ នៃអគ្គស្នងការនគរបាលជាតិ ដែលបានយកចិត្តទុកដាក់បើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញរយៈពេលខ្លី ស្ដីពីតួនាទីភារកិច្ច របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ការអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព និងការងារនគរបាល និងសហគមន៍ ដើម្បីពង្រឹងសមត្ថភាពបន្ថែម ដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឆ្លើយតបការបំរើសេវាសាធារណៈ និងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ។
លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាល បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ចំពោះអស់លោក លោកស្រី ដែលមានវត្តមានក្នុងឱកាសនេះពាក់ព័ន្ធនិងការងារគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាព សម្របសម្រួល រវាងលោកអភិបាលរង ទទួលការងារសន្តិសុខ លោកមេឃុំ ចៅសង្កាត់ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល មន្ត្រីនគរបាល ឲ្យគាត់យល់ដឹងពីតួនាទី និងភារកិច្ច របស់ខ្លួន កិច្ចសហការបានល្អ ដើម្បីកាត់បន្ថយបទល្មើស តាមភូមិសាស្ត្រដែលស្មុគស្មាញ ។
លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋាន បានណែនាំ ដល់សិក្ខាកាម : ត្រូវយកចិត្តទុកដាក់ គោរពអនុវត្ត ឲ្យបានខ្ជាប់ខ្ជួន នូវបទបញ្ជាផ្ទៃក្នុង របស់វគ្គបណ្តុះបណ្តាល រក្សាភាពស្ងប់ស្ងាត់ ខិតខំត្រងត្រាប់ ស្ដាប់ សាកសួរ កត់ត្រា ក្រេបជញ្ជក់ចំណេះដឹង ផ្ដល់ដោយគ្រូឧទ្ទេសនាម មេរៀនដែលត្រូវបានលើកមក វគ្គបណ្តុះបណ្តាលនាឱកាសនេះ រួមមាន÷ ១.ការងារនគរបាល និងសហគមន៍,២.ការអនុវត្តគោលនយោបាយ
ភូមិ-ឃុំង្កាត់មានសុវត្ថិភាព, ៣.វិធានការទប់ស្កាត់ជួញដូរមនុស្ស និងការពារអនីតិជន, ៤.ការងារស្រាវជ្រាវមូលដ្ឋានបម្រើ អោយកិច្ចការសន្តិសុខ, ៥.ការចុះបញ្ជី និងការគ្រប់គ្រងការស្នាក់នៅ, ៦.តួនាទី ភារកិច្ចរបស់ប៉ុស្តិ៍នគរបាល រដ្ឋបាល ប្រកាស (៤៤១២ប្រក), ៧.ច្បាប់ចរាចរណ៍ផ្លូវគោក, ៨.វិធានការបង្ការពន្លត់អគ្គីភ័យ, ៩.ច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និង១០.ក្បួននីតិវិធីប្រតិបត្តិការរបស់នគរបាលយុត្តិធម៌ ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍ របស់ប្រធានគ្រប់គ្រងវគ្គ បានឲ្យដឹងថាៈ វគ្គបណ្ដុះបណ្ដាលរយៈពេល ១២ ថ្ងៃ ចាប់ផ្ដើមនៅថ្ងៃទី ១៦ ដល់ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០២៤ មានគ្រូបង្គោលចំនួន ១០ រូប,សិក្ខាកាម ២៧៥នាក់ ស្រី ៣៨ នាក់ មកពីក្រុងស្រុកទាំង០៩ រួមមាន លោកអភិបាលរងលោកមេឃុំ ចៅសង្កាត់ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលនិងមន្ត្រីនគរបាល ៕