រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង និងអគារចំណត នៃមន្ទីរពេទ្យកាល់ម៉ែត។
អគារថ្មីនេះនឹងត្រូវបំពាក់ដោយសម្ភារ ឧបករណ៍ពេទ្យ ដែលមានលក្ខណៈទំនើប និង មានហេដ្ឋារចនាសម្ព័ន្ធសំណង់ទាន់សម័យ ស្របតាមស្តង់ដាអន្តរជាតិ ហើយគ្រោងដាក់ឱ្យប្រើប្រាស់ ជាអគារពហុមុខងារពិសេស មុខងារមានឯកទេសខ្ពស់, ដូចជា ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺមហារីក និងជំងឺមិនឆ្លងរ៉ាំរ៉ៃដទៃទៀត សំដៅឆ្លើយតបនឹងការវិវត្តនៃតម្រូវការថែទាំសុខភាពរបស់ប្រជាជនកម្ពុជា ដែលទាមទារនូវសមត្ថភាពបច្ចេកទេសគ្លីនិកខ្ពស់។ សមិទ្ធផលជាតិថ្មីដ៏ទំនើបឈានមុខនេះ នឹងជួយជំរុញឱ្យកម្ពុជាអភិវឌ្ឍវិស័យសុខាភិបាលដល់កម្រិតស្តង់ដាតំបន់ និង អន្តរជាតិ៕