General Commissariat of National Police
.

វគ្គបំប៉នជំនាញ ក្បួននីតិវិធីប្រតិបតត្តិការរបស់មន្ត្រីនគរបាលយុត្តិធម៌ សម្រាប់បទល្មើសចរាចរណ៍ផ្លូវគោក សម្រាប់មន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់

Loading

ពោធិ៍សាត់៖ នៅថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បើកនិងបិទវគ្គបំប៉នជំនាញ ក្បួននីតិវិធីប្រតិបត្តិការ របស់មន្ត្រីនគរបាលយុត្តិធម៌ សម្រាប់បទល្មើសចរាចរណ៍ផ្លូវគោក រយៈពេលមួយថ្ងៃ ដោយមានក្រុមគ្រូឧទ្ទេស នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ដឹកនាំដោយលោកវរសេនីយ៍ឯក សាយ សំអាត នាយការិយាល័យ និងជាគ្រូឧទ្ទេស តំណាងខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សារធាណៈ ព្រមទាំងមានការអញ្ជើញជាអធិបតីពីលោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរងផែនការងារសណ្តាប់ធ្នាប់ តំណាងខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ។ សិក្ខាកាមចូលរួមក្នុងឱកាសនេះរួមមាន លោកនាយ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក លោក លោកស្រី នាយ នាយរងផ្នែក និងមន្ត្រី នៃផ្នែកដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ លោកអធិការរង ទទួលការងារចរាចរណ៍ផ្លូវគោក លោក លោកស្រី នាយ នាយរងផ្នែក និងមន្ត្រីផ្នែកដោះស្រាយគ្រោះថ្នាក់ នៃអធិការដ្ឋាននគរបាលក្រុង.ស្រុក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤៩ឃុំ.សង្កាត់ ។
លោកវរសេនីយ៍ទោ ឃន សុខា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកស្តីទី បានអានរបាយការណ៍ស្វាគមន៍ ឆ្លុះបញ្ចាំង ពីការខិតខំប្រឹងប្រែង បំពេញការងារ ត្រួតពិនិត្យ លើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងការសហការចុះផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមទីប្រជុំជន សាលារៀន និងតាមផ្លូវសាធារណៈ ដែលជាលទ្ធផល គឺ កាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍ មកនៅកម្រិតទាបបំផុត។
លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរង បានមានប្រសាសន៍ លើកសរសើរ ពីលទ្ធផល ការបំពេញតួនាទីភារកិច្ចរបស់នគរបាលចរាចរណ៍ ដែលខិតខំ អនុវត្តការងាររបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរ ព្រមទាំង កាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍ មកនៅកម្រិតទាបបំផុត ទទួលបានចំណាត់ថ្នាក់ លោកស្នងការរង ក៏បានពង្រឹង និងជម្រុញឲ្យកម្លាំងនគរបាលចរាចរណ៍ផ្លូវ ទាំងនៅស្នងការដ្ឋាន និងអធិការដ្ឋាន ត្រូវបន្តខិតខំអនុវត្តការងាររបស់ខ្លួនបន្តទៀត ។

លោកស្នងការរង ក៏បានផ្តាំផ្ញើ ឲ្យសិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ ខិតខំស្តាប់គ្រូឧទ្ទេស ដែលធ្វើបទបង្ហាញ បង្ហាត់បង្រៀន ពីជំនាញនីតិវិធីប្រតិបត្តិការរបស់មន្ត្រីនគរបាលយុត្តិធម៌ សម្រាប់បទល្មើសចរាចរណ៍ នឹងចំណេះដឹងទាំងនេះយកអនុវត្តឲ្យបានត្រឹមត្រូវ មានតម្លាភាព សុក្រិតភាព មិនមានលម្អៀងទៅលើភាគីគ្រោះថ្នាក់ចរាចរណ៍ម្ខាងណាឡើយ។

លោកវរសេនីយ៍ឯក សាយ សំអាត គ្រូឧទ្ទេស បានមានប្រសាសន៍ វគ្គបំប៉នជំនាញនាថ្ងៃនេះ គឺមានគោលបំណង ដើម្បីពង្រឹងសមត្ថភាពជំនាញរបស់មន្ត្រីក្នុងពេលបំពេញភារកិច្ចឲ្យបានត្រឹមត្រូវ យុត្តិធម៌ និងមានប្រសិទ្ធភាព ។ លោកគ្រូឧទ្ទេសបានបន្ត ដើម្បីឲ្យនីតិវិធីនៃការប្រតិបត្តិការទទួលបានលទ្ធផល ប្រសិទ្ធភាព ត្រូវពឹងលើជំហ៊ាន ទាំង៣៦ នៃឧបសម្ព័ន្ធដែលបានបង្ហាត់បង្រៀននាថ្ងៃនេះ រក្សាឆន្ទៈ អនុវត្តការងារប្រកបដោយ យុត្តិធម៌ តម្លាភាព សំដៅរក្សាការពារ សេចក្ដីថ្លៃថ្នូរ ជាមន្ត្រីនគរបាលជាតិ និងលើកគុណតម្លៃមន្ត្រីនគរបាលចរាចរណ៍ ទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ ៕