General Commissariat of National Police
.

លោកឧត្តមសេនីយ៍ត្រី ហេង សុផល ជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាលស្រុកកំពង់ស្វាយ និងស្រុកស្ទោង

Loading

ខេត្តកំពង់ធំ ៖ លោកស្នងការនគរបាលខេត្ត ៖ ការងារសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់ចាំបាច់ ដែលមិនអាចខ្វះបាន ដើម្បីឈានរកការកសាង អភិវឌ្ឍន៍ ជូនថ្នាក់ដឹកនាំ និងអង្គភាព ក្នុងនោះមន្ត្រីដែលសកម្ម មានស្នាដៃ អនុវត្តតួនាទី ភារកិច្ច ជូនអង្គភាព ត្រូវទទួលបានការលើកទឹកចិត្ត ដោយឡែកចំពោះមន្ត្រីអសកម្ម ក្នុងការបំពេញភារកិច្ច ត្រូវអនុវត្តតាមលក្ខន្តិកៈ នៃក្របខណ្ឌមន្ត្រីនគរបាលជាតិ។ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាលស្រុកកំពង់ស្វាយ និងស្រុកស្ទោង នាថ្ងៃទី ១២ ខែ កញ្ញាឆ្នាំ២០២៤ ។

បន្ទាប់ពីលោកវរសេនីយ៍ អធិការនគរបាលស្រុក រាយការណ៍ អំពីរចនាសម្ព័ន្ធ និងកិច្ចប្រតិបត្តិការ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នាពេលកន្លងមក ធានាបានសុខសុវត្ថិភាពល្អ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ពុំមានហេតុការណ៍ អ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងកោតសរសើរ ដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលចូលរួមសម្រេចបានលទ្ធផលល្អប្រសើរ ជាបន្តបន្ទាប់ ជូនថ្នាក់ដឹកនាំ និងសង្គមជាតិ។  

លោកឧត្តមសេនីយ៍ ស្នងការ បាននាំយកសម្ភារៈ ថវិកា ប្រគល់ជូនក្នុង០១អធិការដ្ឋាននគរបាលក្រុង-ស្រុក ទទួលបានរោងចល័តចំនួន ០២ គ្រឿង និងអាវភ្លៀងមួយចំនួន ដែលជាការឧបត្ថម្ភ របស់ ឯកឧត្តម អភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដល់កងកម្លាំង សម្រាប់កិច្ចប្រតិបត្តិការ រក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងប្រគល់ថវិកា ក្នុងម្នាក់ៗ ចំនួន ៥០,០០០ រៀល ដែលជាប្រាក់ឧបត្ថម្ភ របស់អគ្គស្នងការនគរបាលជាតិ និងថវិកា ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត សម្រាប់ពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្យ។

ថ្លែងក្នុងពិធីនេះ លោកឧត្តមសេនីយ៍ ស្នងការ បានសង្កត់ធ្ងន់លើការងារសំខាន់ៗ ជាការងារកន្សោមអាទិភាព រួមមាន ៖ ១.ព្រហ្មទ័ណ្ឌ, ២.ប្រឆាំងគ្រឿងញៀន, ៣.ចរាចរណ៍ផ្លូវគោក, ៤.គ្រប់គ្រង់មុខសញ្ញាក្មេងទំនើង ពង្រឹងអនុវត្តវិធានការជំនាញ ដូចភ្លៀងរលឹមសំដៅធ្វើយ៉ាងណា បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ទាន់ពេលវេលា ផ្ដល់សុខុដុមរមនាជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាព។

លោកស្នងការ ផ្តាំផ្ញើដល់អធិការដ្ឋាននគរបាលស្រុក និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល ត្រូវធ្វើផែនការ ការងារ សម្រាប់អនុវត្តបន្ត ជាត្រីវិស័យបង្ហាញផ្លូវឈានទៅរកការកសាងអភិវឌ្ឍភារកិច្ចជំនាញ ស្របតាមការចង្អុរបង្ហាញរបស់ថ្នាក់លើ ម្យ៉ាងទៀតកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវផ្លាស់ប្ដូរឥរិយាបថ ជាអ្នកបំរើប្រជាពលរដ្ឋ ហាមដាច់ខាតការផ្ទេរកម្លាំងចេញពីប៉ុស្ដិ៍នគរបាលរដ្ឋបាល ដោយឡែកប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលខ្វះកម្លាំងត្រូវបញ្ចុះកម្លាំង ពីអធិការដ្ឋាននគរបាលស្រុក-ក្រុង ឬស្នងការដ្ឋាននគរបាលខេត្ត តាមរយៈពេលវែង និងរយៈពេលខ្លី ត្រៀមកិច្ចអន្តរាគមន៍ សង្គ្រោះ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះក្នុងហេតុការណ៍ ណាមួយដែលអាចកើតមានឡើងជាចៃដន្យ៕