ទីក្រុងសេអ៊ូល ៖ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយ ឯកឧត្តម Yoon Suk-Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េនៅវិមានប្រធានាធិបតី។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានធ្វើការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោប្រធានព្រឹទ្ធសភានិងគណៈប្រតិភូ ដែលបានបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមក្នុង “វេទិកាចំណេះពិភពលោក” (World Knowledge Forum)។ ឯកឧត្តមប្រធានាធិបតី ក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានគាំទ្រចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរ និងបានរំលឹកថា ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី កាលពីខែឧសភាកន្លងទៅ បានអនុញ្ញាតឱ្យមានការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរជាភាពដៃគូយុទ្ធសាស្ត្រ ដែលជាដំណាក់កាលថ្មីនៃទំនាក់ទំនងរបស់យើង។
ជាកិច្ចឆ្លើយតប សម្ដេចតេជោប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតីដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់សម្ដេច មកសាធារណរដ្ឋកូរ៉េសាជាថ្មីម្ដងទៀត ដើម្បីចូលរួមក្នុង ”វេទិកាចំណេះដឹងពិភពលោក”។ ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមប្រធានាធិបតី ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្តេចតេជោ បានគូសបញ្ជាក់ថា ប្រទេសយើងទាំងពីរបានធ្វើការជាមួយគ្នាជាច្រើន បន្ទាប់ពី ឯកឧត្តម បានជាប់ឆ្នោតជាប្រធានាធិបតី ហើយក្នុងឋានៈ សម្ដេច ជាស្ថាបនិកនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរ សម្ដេចមានការរីករាយ និងមានមោទនភាពចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរលើគ្រប់វិស័យ។ សម្ដេចតេជោ ក៏បានរំលឹកផងដែរ ចំពោះការខិតខំប្រឹងប្រែងតស៊ូជំនះរាល់ឧបសគ្គប្រឈមនូវបញ្ហាជាជាច្រើន រហូតបានចាប់ផ្ដើមនូវទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ហើយបច្ចុប្បន្នមានភាពល្អប្រសើរជាលំដាប់។
សម្ដេចតេជោ ក៏បានសំដែងការរីករាយនិងវាយតម្លៃខ្ពស់ផងដែរ ដែលកម្ពុជានិងសាធារណរដ្ឋកូរ៉េ បានលើកកម្ពស់ទំនាក់ទំនងដល់កម្រិតយុទ្ធសាស្ត្រ។ សម្តេចតេជោ បានលើកឡើងថា នៅ៣ឆ្នាំខាងមុខ គឺជាពេលដែលយើងទាំងពីរប្រារព្ធអនុស្សាវរីយ៍ទី៣០នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរ សម្តេចតេជោ បានស្នើដល់ឯកឧត្តមប្រធានាធិបតី ពិចារណាលើកកម្ពស់ទំនាក់ទំនងប្រទេសយើងទាំងពីរ ឱ្យដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
សម្ដេចតេជោ បានអរគុណ និងមានអារម្មណ៍ជំពាក់គុណ រដ្ឋាភិបាលកូរ៉េ ដែលបានជួយកម្ពុជានៅក្នុងពេលលំបាកដែលពិភពលោកប្រឈមនឹងជំងឺរាតត្បាតកូវីដ១៩ ដោយសារ សាធារណរដ្ឋកូរ៉េមួយគត់ បានរក្សាជើងហោះហើរជាមួយកម្ពុជា ដែលជាច្រកចេញចូលតែមួយគត់ឱ្យកម្ពុជា មានប្រជាពលរដ្ឋខ្មែរ និងជនបរទេសអាចចេញចូលបាន ខណៈពេលដែលបណ្ដាប្រទេសមួយចំនួនបានបិទច្រកចេញចូលនិងបិទជើងហើររបស់ខ្លួនជាមួយកម្ពុជា។
ជាមួយគ្នានេះដែរ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះជំនួយឧបត្ថម្ភគ្រប់សព្វបែបយ៉ាងទាំងផ្នែកសេដ្ឋកិច្ច ជំនួយសំណង ឥណទានក្នុងការជួយកសាងប្រទេសនិងអភិវឌ្ឍន៍កម្ពុជាឡើងវិញ ហើយនៅក្នុងនេះដែរសាធារណរដ្ឋកូរ៉េក៏បានជួយកសាងជួសជុលផ្លូវជាតិផ្លូវជាតិ៣ លេខ៤៨ ផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខផ្សេងទៀត។ល។
ទន្ទឹមនឹងនេះ សម្ដេចតេជោ ក៏បានជម្រាបឯកឧត្តមប្រធានាធិបតីកូរ៉េផងដែរថា សម្ដេចរង់ចាំនូវវត្តមាននៃការបើកការដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េដែលជាស្ពានដ៏ធំបំផុតនិងវែងបំផុតនៅកម្ពុជា ជាមួយគ្នានេះដែរសម្ដេចតេជោក៏បានថ្លែងនូវអំណរគុណចំពោះជំនួយដល់វិស័យផ្សេងៗទៀត ដូចជាវិស័យបរិស្ថាន ការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជួយដល់កម្ពុជាក្នុងការអភិវឌ្ឍ។
ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ សម្ដេចតេជោ បានចាត់ទុកថាមានសារៈសំខាន់ ដែលពេលនេះ កម្ពុជាមានលទ្ធភាពច្រើនក្នុងការនាំចេញមកសាធារណរដ្ឋកូរ៉េ ដែលជាផ្នែកដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា។ តាមរយៈកិច្ចព្រមព្រៀងនេះ ប្រទេសយើងទាំងពីរនឹងមានឱកាសជំរុញឱ្យអ្នកវិនិយោគកូរ៉េទៅបន្តការវិនិយោគនៅកម្ពុជាបន្ថែមទៀត ។
ជាមួយគ្នានេះដែរ សម្ដេចតេជោ បានស្នើប្រធានាធិបតី ជួយជំរុញក្រុមវិនិយោគកូរ៉េទៅបណ្ដាក់ទុននៅកម្ពុជា ដោយការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកូរ៉េ គឺសម្រាប់ការវិនិយោគកូរ៉េ។
សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកូរ៉េចំពោះការទទួលពលករកម្ពុជាមកបម្រើការងារនៅកូរ៉េ ដែលនឹងនាំត្រឡប់ទៅកម្ពុជាវិញនៅចំណេះដឹងបច្ចេកវិទ្យា ដើម្បីជួយអភិវឌ្ឍន៍នៅកម្ពុជា។ សម្ដេចតេជោ សង្ឃឹមថា ឯកឧត្តមប្រធានាធិបតី នឹងបន្ថែមកូតាចំនួនបន្ថែមទៀត សម្រាប់ពលករកម្ពុជាមកបំពេញការងារនៅប្រទេសកូរ៉េ។
សម្ដេចតេជោ ក៏បានជម្រាបឯកឧត្តមប្រធានាធិបតីផងដែរថាលទ្ធផលនៃកិច្ចពិភាក្សាកន្លងមកជាមួយភាគីកូរ៉េ ពិសេសអតីតប្រធានសភា និងនិងក្រុមហ៊ុន Camko Motor និង Camko Infracore សាកលវិទ្យាល័យពហុបច្ចេកទេសកូរ៉េ ក្នុងការបណ្ដុះបណ្ដាលអ្នកជំនាញពលករកម្ពុជា ដើម្បីបម្រើការងារនៅកម្ពុជានិងនៅកូរ៉េផងដែរ។
ជាមួយគ្នានេះដែរ សម្ដេចតេជោ ក៏បានជម្រាបជូនឯកឧត្តមប្រធានាធិបតីពីសម្រេចចិត្តរបស់ សម្តេច ក្នុងការដកខ្លួនចេញពីអំណាចនីតិប្រតិបត្តិ មកអំណាចនីតិប្បញ្ញត្តិវិញ បើទោះបី សម្ដេច នៅមានសុខភាពល្អនិងមានលទ្ធភាពអាចបន្តធ្វើនាយករដ្ឋមន្ត្រី១អាណត្តិ ឬ ២អាណត្តិទៀតក៏ដោយ។ ការសម្រេចនេះ គឺជាការលះបង់ដើម្បីប្ដូរយកមកវិញនូវសុខសន្តិភាពនិងការអភិវឌ្ឍរយៈពេលវែង និងចៀសវាងវិបត្តិផ្សេងៗដែលកម្ពុជាធ្លាប់មានពីអតីតកាលនៅពេលដែលមានការផ្លាស់ប្ដូរអ្នកកាន់អំណាចនោះ។
ជាចុងក្រោយ សម្ដេចតេជោ បានពាំនាំជូនឯកឧត្តមប្រធានាធិបតី នូវព្រះរាជសារអញ្ជើញពីព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញឯកឧត្តមប្រធានាធិបតី មកបំពេញទស្សនកិច្ចនៅកម្ពុជា តាមពេលវេលាសមស្រប។
ជាកិច្ចឆ្លើយតប ឯកឧត្តមប្រធានាធិបតី បានសម្ដែងនូវការចាប់អារម្មណ៍ខ្លាំងដែលកម្ពុជាធ្លាប់តែទទួលរងគ្រោះការឈឺចាប់ តែបាននាំមកវិញនូវសុខសន្តិភាពក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហើយសម្ដេចតេជោគឺជាមេដឹកនាំដ៏សកម្មមួយរូបក្នុងការនាំមកនូវការអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជា។ ឯកឧត្តមប្រធានាធិបតី ក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោផងដែរ ដែលបានខិតខំប្រឹងប្រែងក្នុងការបង្កើត ពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ កម្ពុជា-កូរ៉េ។ ឯកឧត្តម បានសម្ដែងការរីករាយដោយបានឃើញថាទំនាក់ទំនងភ្ជាប់សេដ្ឋកិច្ចពាណិជ្ជកម្មមានការកើនឡើងចេញលំដាប់គួរឱ្យកត់សម្គាល់។ ក្រៅពីទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ឯកឧត្តម មានការរីករាយចំពោះកិច្ចសហប្រតិបត្តិការចំពោះវិស័យផ្សេងៗទៀត ដូចជា វិស័យយោធា ប្រតិបត្តិការរក្សាសន្តិភាព (PKO) និងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ។ល។
ឯកឧត្តមប្រធានាធិបតី បានមានប្រសាសន៍ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសយើងទាំងពីរបានជំរុញថែមទៀតលើពាណិជ្ជកម្មនិងការវិនិយោគ។ ទាក់ទងនឹងការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឯកឧត្តមប្រធានាធិបតី បានមានប្រសាសន៍ថា ពិធីបើកការដ្ឋានសាងសង់ នឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២៥ ខាងមុខនេះ។ ឯកឧត្តមប្រធានាធិបតី បានបញ្ជាក់បន្ថែមថា ស្ពាននេះ នឹងត្រូវសាងសង់ប្រកបដោយការយកចិត្តទុកដាក់ និងគុណភាព និងជានិមិត្តរូបភាពជាដៃគូវាងប្រទេសយើងទាំងពីរ។
ឯកឧត្តមប្រធានាធិបតីក៏បានរំលឹកថា ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីនៅសាធារណរដ្ឋកូរ៉េ កាលពីឧសភាកន្លងមក រដ្ឋាភិបាលកូរ៉េបានបង្កើនចំនួនឥណទាន ODA ដើម្បីការអភិវឌ្ឍកកម្ពុជាបន្ថែមទៀតផងដែរ។ ក្រៅពីនេះ កម្ពុជា គឺជាដៃគូពេញលេញរបស់សាធារណរដ្ឋកូរ៉េនៅក្នុងទំនាក់ទំនងនានាក្នុងក្របខណ្ឌអាស៊ានផងដែរ។ ឯកឧត្តមប្រធានាធិបតី ក៏បានសំដែងនូវការដឹងគុណ សម្តេចតេជោ ចំពោះទំនាក់ទំនងនេះ និង បន្តពឹងផ្អែកលើតួនាទីរបស់សម្តេចតេជោនៅក្នុងក្របខ័ណ្ឌពហុភាគីនេះ។
ជាចុងបញ្ចប់ ឯកឧត្តមប្រធានាធិបតី បានស្នើសម្ដេចតេជោប្រធានព្រឹទ្ធសភាពាំនាំថ្វាយចំពោះព្រះករុណាព្រះមហាក្សត្រកម្ពុជា នូវការសួរសុខទុក្ខ និងការទទួលយកការអញ្ជើញរបស់ព្រះករុណាព្រះមហាក្សត្រដោយរីករាយបំផុត និងបានជូនពរ សម្ដេចតេជោ និងគណៈប្រតិភូ ទទួលបាននូវសុខភាពល្អ៕